Feature

ឃាត់ខ្លួនបុរសម្នាក់ ក្រោយប៉ុនប៉ងលួចម៉ូតូអ្នកលក់ដូរម្នាក់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប៉ុនប៉ងលួចម៉ូតូ Honda Scoopy របស់ស្ត្រីម្នាក់នៅមុខផ្ទះ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខណៈម្ចាស់ម៉ូតូបានប្រទះឃើញទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ ធីតា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

របាយការណ៍ដដែលបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៦និង២៥នាទីល្ងាច ថ្ងៃទី៩ ខែតុលា ជនរងគ្រោះបានទុកម៉ូតូ Honda Scoopy ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-1951 នៅមុខផ្ទះ ដោយមិនបានដកសោចេញពីម៉ូតូ រួចចូលទៅហូបបាយក្នុងផ្ទះ។

លុះដល់ម៉ោងប្រមាណ ៦និង៥៩នាទីល្ងាច ជនសង្ស័យឈ្មោះ សុន សាត់សែ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានរាយការណ៍ថា បានដើរចូលទៅជិតម៉ូតូ រួចមើលឆ្វេងស្តាំ និងឡើងបញ្ឆេះម៉ូតូក្នុងបំណងយកទៅ។ ប៉ុន្តែសកម្មភាពនេះត្រូវបានម្ចាស់ម៉ូតូប្រទះឃើញ និងឃាត់ទាន់ពេលវេលា មុនពេលជនសង្ស័យអាចគេចខ្លួន។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ហើយកម្លាំងនគរបាលបានចុះទៅដល់ទីតាំងកើតហេតុ និងនាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ដើម្បីសាកសួរ។

តាមរបាយការណ៍ ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូប្រាកដមែន។ ចំណែកលទ្ធផលតេស្តរកសារធាតុញៀនរបស់ជនសង្ស័យ ត្រូវបានរាយការណ៍ថា មានលទ្ធផលវិជ្ជមាន។

វត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន ម៉ូតូ Honda Scoopy ចំនួន១គ្រឿង និងទូរសព្ទដៃ iPhone X ពណ៌ស ចំនួន១គ្រឿង។ តាមរបាយការណ៍ ម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញរួចហើយ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top