ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឱ្យលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង អំពីគ្រោះមហន្តរាយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឱ្យលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹង អំពីគ្រោះមហន្តរាយ។

តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ក្រោមប្រធានបទ «ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹង ធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពី ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។

សម្ដេចធិបតី បន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍ សមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។

លេីសពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវ លើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅ មូលដ្ឋាននិងត្រូវចុះពិនិត្យតាមដានស្ថានភាពជីវភាព និងកម្រិតងាយរងគ្រោះតាមខ្នងផ្ទះនីមួយៗ ដើម្បី បង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។

សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៕

To Top