ចិនបញ្ចេញរូបភាពដ៏ «លម្អិត» នៃកោះតៃវ៉ាន់ ពីផ្កាយរណប Jilin-1
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីរូបភាពដ៏ «លម្អិតច្បាស់លាស់» នៃកោះតៃវ៉ាន់ ដែលថតបានដោយផ្កាយរណប Jilin-1។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
កាលពីថ្ងៃទី ២៥ ខែតុលា ទូរទស្សន៍មជ្ឈិមចិន (CCTV) បានបញ្ចេញវីដេអូមួយដែលមានរយៈពេល ៤២ វិនាទី ដោយប្រមូលផ្តុំរូបភាពនៃទីតាំងនានានៅលើកោះតៃវ៉ាន់ ដែលថតបានដោយបណ្តុំផ្កាយរណបពាណិជ្ជកម្មសម្រាប់ថតរូបពីចម្ងាយឈ្មោះ Jilin-1 ព្រមទាំងមានភ្ជាប់ជាមួយចំណងជើងថា «នេះគឺជាខេត្តតៃវ៉ាន់របស់ប្រទេសចិន»។
វីដេអូនេះបង្ហាញយ៉ាងច្បាស់នូវទីតាំងសំខាន់ៗ និងល្បីល្បាញនៅតៃវ៉ាន់ ដូចជា សង្វៀន Taipei Arena, កំពង់ផែតៃប៉ិ (Taipei Harbor), សារមន្ទីរព្រះបរមរាជវាំងជាតិ និងវិមានរំលឹកដល់លោក Chiang Kai-shek ។
វីដេអូនេះក៏បានបង្ហាញពីទីតាំងល្បីៗផ្សេងទៀតនៅលើកោះនេះផងដែរ ដូចជា ភ្នំយូដ (Jade Mountain), បឹងសាន់មូន (Sun Moon Lake), ទន្លេតាំស៊ុយ (Tamsui River), ជម្រាលថ្មចោទ Qing Shui ក្នុងតំបន់ Hualien និងតំបន់ដីសើមតាមឆ្នេរសមុទ្រក្នុងតំបន់ Tainan និង Chiayi។
ទូរទស្សន៍ CCTV បានលើកឡើងនៅក្នុងរបាយការណ៍ព័ត៌មានរបស់ខ្លួនថា៖ «គ្រប់ជ្រុងទាំងអស់នៃកោះតៃវ៉ាន់ អាចមើលឃើញយ៉ាងច្បាស់ពីលំហអាកាស»។ វីដេអូនេះបានបញ្ចប់ដោយសារមួយឃ្លាថា៖ «បំណងប្រាថ្នាក្នុងការវិលត្រឡប់មកវិញនៅតែមិនផ្លាស់ប្តូរ ហើយថ្ងៃនៃការជួបជុំគ្នានឹងមកដល់»។
ប្រែសម្រួលៈ តុលា
