អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ឆ្លើយតបនឹងការចងសម្ព័ន្ធរុស្ស៊ី-កូរ៉េខាងជើង
បរទេស៖ ប្រទេសអាល្លឺម៉ង់ និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញនូវភាពជាដៃគូសន្តិសុខ ដែលត្រូវបានពង្រឹងបន្ថែម ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបង្ហាញយ៉ាងច្បាស់ថា សន្តិសុខនៅអឺរ៉ុប និងអាស៊ី កំពុងមានទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១២៩ ខែតុលា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងសេអ៊ូល រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung (លី ជេម្យុង)។ លោកបានបន្ថែមថា ប្រទេសទាំងពីរគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការការពារព័ត៌មានយោធាសម្ងាត់ផងដែរ។
លោក លី បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនការពារជាតិរបស់កូរ៉េ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពជាដៃគូរយៈពេលវែងជាមួយប្រទេសអាល្លឺម៉ង់ ដែលក្នុងនោះរួមមានទាំងការបណ្តាក់ទុនរួមគ្នា (Joint ventures) និងគម្រោងអភិវឌ្ឍន៍រួមគ្នា។”
ចំណែកឯ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz (ហ្វ្រីឌ្រីច មឺស) បានមានប្រសាសន៍ថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងឱ្យទៅប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បានគូសបញ្ជាក់ឱ្យឃើញថា ជម្លោះនានាមិនត្រូវបានកំណត់ត្រឹមតែតំបន់ណាមួយទៀតនោះទេ។ លោក Merz ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅតំបន់គ្មានកងទ័ព (DMZ) ដែលខណ្ឌចែកកូរ៉េទាំងពីរនៅថ្ងៃសុក្រនេះ បានបន្ថែមថា៖ “ពិភពលោកពិតជាតូចចង្អៀតមែន សូម្បីតែនៅក្នុងសម័យសង្គ្រាមក៏ដោយ។”
ការប្រកាសនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលលោកខាងលិច បានចេញការព្រមានថា កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងព្យុងយ៉ាង កាន់តែមានភាពស៊ីជម្រៅខ្លាំង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក។ បញ្ហានេះបានបង្កឱ្យមានក្តីបារម្ភថា កូរ៉េខាងជើងអាចនឹងទទួលបានបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ពីរុស្ស៊ី ជាការដោះដូរសម្រាប់ការគាំទ្ររបស់ខ្លួន។
យោងតាមទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៤ មក កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង ១០.០០០នាក់ ទៅប្រយុទ្ធប្រកៀកស្មាជាមួយកងទ័ពរុស្ស៊ី ព្រមទាំងផ្តល់អាវុធដើម្បីបំពេញបន្ថែមដល់ឃ្លាំងអាវុធរបស់ទីក្រុងមូស្គូដែលកំពុងថយចុះ ខណៈដែលខ្លួនក៏ទទួលបានបទពិសោធន៍សមរភូមិដ៏មានតម្លៃត្រឡប់មកវិញ។
កូរ៉េខាងត្បូង គឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់លោក Merz នៅតំបន់អាស៊ី ដែលមុននេះលោកក៏បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងជប៉ុនផងដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកអធិការបតីអាល្លឺម៉ង់ បានស្វែងរកការពង្រឹងទំនាក់ទំនងការពារជាតិ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសដែលមានទស្សនៈដូចគ្នា ដើម្បីជាការទប់ទល់នឹងគោលនយោបាយ យកពន្ធគយរបស់សហរដ្ឋអាមេរិក និងការពង្រីកឧស្សាហកម្មដែលគាំទ្រ ដោយរដ្ឋរបស់ប្រទេសចិន៕
ប្រែសម្រួល៖ គីរី
