ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទចំនួន៣ខ្សែ នៅក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងបាត់ដំបង។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ រួមមាន៖

ខ្សែទី១៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ល្បាយក្រួស មានប្រវែងសរុប ២២,២១គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីសាលាបឋមសិក្សារហាលសួង ក្នុងភូមិរហាលសួង ឃុំព្រែកនរិន្ទ ទៅដល់មាត់ស្ទឹងមង្គលបុរី ក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ខ្សែផ្លូវនេះ តភ្ជាប់រវាងឃុំព្រែកនរិន្ទ និងឃុំព្រៃចាស់ ក្នុងស្រុកឯកភ្នំ ដោយមានប្រជាពលរដ្ឋទទួលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥ ១០៧គ្រួសារ ស្មើនឹង ៤៥ ៩៦៦នាក់។

ខ្សែទី២៖ ជាផ្លូវក្រាលល្បាយក្រួសក្រហម ទទឹង ៥ម៉ែត្រ មានប្រវែងសរុប ១៧,៨៦គ.ម. ចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរគ្រាត ឃុំព្រែកជីក ស្រុកមោងឫស្សី ទៅដល់ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋទទួលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥ ០៤៥គ្រួសារ ស្មើនឹង ២៦ ៧២២នាក់។ ផ្លូវនេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌគម្រោងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្រិតគុណភាពទៅជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ នាពេលខាងមុខនេះ។

ខ្សែទី៣៖ ជាផ្លូវគម្រោងថែទាំផ្លូវឆ្អឹងខ្នងជនបទ ដែលជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៣៩,២២គ.ម. ទទឹង ៥,៥ម៉ែត្រ អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវនេះ ចែកជាពីរកំណាត់ រួមមាន កំណាត់ទី១៖ មានប្រវែង ២៤,៧២គ.ម. ចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ទៅដល់ភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ និងកំណាត់ទី២ មានប្រវែង ១៤,៥០គ.ម. ចាប់ផ្ដើមពីភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ទៅដល់ភូមិស្វាយយ៉ ឃុំមុខរា ស្រុករុក្ខគីរី ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២។

គួរជម្រាបជូនដែរថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាពក្នុងការស្ថាបនា និងជួសជុលផ្លូវនេះឱ្យក្លាយជាផ្លូវ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ប្រើប្រាស់ ព្រមទាំងជួយ ក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕

To Top