ចិនច្រានចោលការចោទ ប្រកាន់ពីការរៀបចំផែនការចារកម្ម លើនាយកប្រតិបត្តិក្រុមហ៊ុន Nvidia
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ បានទាត់ចោល នូវរបាយការណ៍ដែលចោទប្រកាន់ថា មានការរៀបចំផែនការយកការណ៍សម្ងាត់ (Spy plot) របស់ចិន សំដៅលើលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស របស់សហរដ្ឋអាមេរិក Nvidia នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា រដ្ឋាភិបាលទីក្រុងប៉េកាំងច្រានចោលការ ចោទប្រកាន់ទាំងនេះ ដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារ ស៊ើបការណ៍សម្ងាត់លោកខាងលិច ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន The New York Times។ លោកបានចាត់ទុករបាយការណ៍នេះថា “គ្មានមូលដ្ឋានច្បាស់លាស់” និងជា “ការព្យាយាមលាបពណ៌មកលើប្រទេសចិន”។
របាយការណ៍ស៊ើបអង្កេតនោះបានអះអាងថា លោក Jensen Huang បានក្លាយជាគោលដៅនៃការឃ្លាំមើល ដោយភ្នាក់ងារចារកម្មចិនម្នាក់ គឺអ្នកស្រី Alice Huang ដែលជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន Megaspeed។ របាយការណ៍បានរៀបរាប់ថា អ្នកស្រីបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកនាយកប្រតិបត្តិរូបនេះ ទោះបីជាអ្នកទាំងពីរមិនមានសាច់ញាតិនឹងគ្នាក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Nvidia បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចែករំលែកព័ត៌មានរសើប ណាមួយជាមួយអ្នកគ្រប់គ្រងជនជាតិចិនរូបនោះ។ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ “អតិថិជនប្រើប្រាស់ប្រព័ន្ធ Cloud ក្នុងតំបន់របស់យើង ទទួលបានត្រឹមតែព័ត៌មានពាណិជ្ជកម្មធម្មតាប៉ុណ្ណោះ ពោលគឺមិនមានការចែករំលែកអាថ៌កំបាំងពាណិជ្ជកម្មរសើបរបស់ NVIDIA នោះទេ ហើយក៏គ្មានព័ត៌មានណាមួយដែលពាក់ព័ន្ធនឹងសន្តិសុខជាតិឡើយ”។ ក្រុមហ៊ុនបានបន្ថែមថា ទំនាក់ទំនងរវាងលោក Jensen និងអ្នកស្រី Alice Huang គឺជារឿងធម្មតានៅក្នុងអាជីវកម្ម និងមិនមានអ្វីខុសប្រក្រតីនោះទេ។
ចំពោះការចោទប្រកាន់ថា ក្រុមហ៊ុន Megaspeed បានលួចរត់ពន្ធបន្ទះឈីប (Chips) នោះ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ការអះអាងទាំងនោះត្រូវបាន “ស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងត្រូវបានទាត់ចោលតាំងពីឆ្នាំមុនមកម៉្លេះ”។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន AFP បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Megaspeed តាមរយៈលេខទូរស័ព្ទនៅលើគេហទំព័ររបស់ពួកគេ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែអ្នកដែលទទួលទូរស័ព្ទបាននិយាយថា ពួកគេមិនស្គាល់ក្រុមហ៊ុននេះទេ ហើយលេខនោះគឺជាខ្សែទូរស័ព្ទសម្រាប់លំនៅដ្ឋានឯកជនប៉ុណ្ណោះ។
ប្រែសម្រួល៖ គីរី
