Feature

កិច្ចព្រមព្រៀងប្រេងប្រវត្តិសាស្ត្រនៅវ៉េណេស៊ុយអេឡា កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ផ្ទុយពីការរំពឹងទុករបស់លោក Trump

បរទេស៖  ប្រធានាធិបតី លោក Donald Trump បានហៅកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ៖ ទីតាំងបូមប្រេងចំនួន ១៧កន្លែងនៅវ៉េណេស៊ុយអេឡា ដែលមានទុនបម្រុងប្រមាណ ៦៤ ពាន់លានធុង (Barrels) ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនតែមួយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០  ខែតុលា ឆ្នាំ២០២៦ ។

​ការអនុវត្តកិច្ចព្រមព្រៀងនេះ ធ្លាក់ទៅលើក្រុមហ៊ុន North American Blue Energy Partners (NABEP) ដែលជាក្រុមហ៊ុនមិនសូវមានគេស្គាល់ឈ្មោះ ដឹកនាំដោយពាណិជ្ជករវ៉េណេស៊ុយអេឡាលោក Alejandro Betancourt។ លោក Alejandro កាលពីពេលថ្មីៗនេះ ធ្លាប់ជាគោលដៅនៃការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកជុំវិញការលាងលុយកខ្វក់ ពាក់ព័ន្ធនឹងការកិបកេងមូលនិធិពីក្រុមហ៊ុនប្រេងរដ្ឋ PDVSA។ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុននេះជាមួយទីក្រុងវ៉ាស៊ីនតោន បានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវចំណែកភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុនមេ និងសិទ្ធិទិញយក ២០% នៃទិន្នផលប្រេងក្នុងតម្លៃដើមផលិត (Production cost)។

​ក្រុមហ៊ុន NABEP បានបញ្ជាក់ថា ខ្លួននឹងបង្កើនទិន្នផលប្រេងរហូតដល់ ៤ដង ពោលគឺច្រើនជាង ១ លានធុងក្នុងមួយថ្ងៃ (bpd) ដែលកើនឡើងពីប្រមាណ ២២៤.០០០ ធុងក្នុងមួយថ្ងៃ កាលពីពាក់កណ្តាលខែតុលា។

​យោងតាមបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ជាមួយបុគ្គលិកផ្នែកប្រេង ក្រុមហ៊ុនម៉ៅការ អ្នកហិរញ្ញវត្ថុ និងអ្នកជំនាញក្នុងឧស្សាហកម្មនេះចំនួន ១៥ នាក់ បានឱ្យដឹងថា ការសម្រេចគោលដៅនេះនឹងមានការលំបាកជាងអ្វីដែលលោក Trump និងក្រុមហ៊ុន NABEP បានលើកឡើងទៅទៀត។ 

ក្នុងចំណោមអ្នកទាំងនោះ មាន ៨ នាក់ (បុគ្គលិកនិងក្រុមហ៊ុនម៉ៅការ ៧ នាក់ និងដៃគូអាជីវកម្មម្នាក់ដែលដឹងពីប្រតិបត្តិការរបស់ NABEP) បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងជំពាក់បំណុលក្រុមហ៊ុនម៉ៅការ ហើយកំពុងជួបការលំបាកក្នុងការជ្រើសរើសបុគ្គលិក និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ។

​សូម្បីតែតួលេខទុនបម្រុងដ៏ធំ ៦៤ ពាន់លានធុង ដែលលោក Trump បានលើកឡើង ក៏ប្រហែលជាការបំប៉ោងលើសការពិតផងដែរ។ លោក Francisco Monaldi នាយកកម្មវិធីថាមពលអាមេរិកឡាទីននៅវិទ្យាស្ថាន Baker នៃសាកលវិទ្យាល័យ Rice បានប្រាប់ Reuters ថា ជាការពិត មានតែប្រេងប្រមាណ ១០ ពាន់លានធុងប៉ុណ្ណោះដែលអាចអភិវឌ្ឍបាន ក្នុងអាណត្តិរយៈពេល ២៥ ឆ្នាំ ដែលច្បាប់របស់វ៉េណេស៊ុយអេឡាអនុញ្ញាតសម្រាប់គម្រោងប្រេង។ លោកបានបញ្ជាក់ថា៖ “នោះលុះត្រាតែអ្វីៗគ្រប់យ៉ាងដំណើរការទៅដោយរលូន”។

​លោក Terry Wade អ្នកនាំពាក្យក្រុមហ៊ុន NABEP បានប្រាប់ Reuters ថា ក្រុមហ៊ុនកំពុងដើរលើគន្លងផ្លូវត្រូវ។ លោកបានមានប្រសាសន៍ថា៖ “យើងកំពុងស្ថិតនៅជួរមុខ នៃការស្តារឡើងវិញនូវឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា”។

​ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះបានលើកឡើងថា ក្រុមហ៊ុន NABEP កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំជាច្រើន។ ក្រុមហ៊ុនត្រូវតែធានាឱ្យបាននូវប្រភពទុន ត្រូវប្រកួតប្រជែងដណ្តើមយកគ្រឿងចក្រខួង (Rigs) ឧបករណ៍ និងរោងចក្រថាមពល ត្រូវអនុវត្តការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោមជាច្រើន ក៏ដូចជាត្រូវបង្កើនកម្លាំងពលកម្មឱ្យបានឆាប់រហ័សនៅក្នុងប្រទេសមួយ ដែលជួបប្រទះនឹងការធ្វើចំណាកស្រុកនៃបុគ្គលិកជំនាញអស់ជាច្រើនទសវត្សរ៍មកហើយ។

​អតីតរដ្ឋមន្ត្រីថាមពលវ៉េណេស៊ុយអេឡា លោក Humberto Calderon Berti បានប្រាប់អង្គសន្និសីទមួយកាលពីខែកញ្ញាថា លោកមានជំនឿជាក់ថា “កិច្ចព្រមព្រៀងនេះនឹងមិនស្ថិតស្ថេរយូរឡើយ” ដោយលោកបានយោងទៅលើការខ្វះខាតលក្ខណៈសម្បត្តិបច្ចេកទេស និងបទពិសោធន៍ប្រតិបត្តិការដ៏ខ្លីរបស់ក្រុមហ៊ុននេះ។

ប្រែសម្រួល៖ គីរី 

To Top