សម្តេចប៉ាប ឡេអូ ទី១៤ ក្លាយជាសម្តេចប៉ាបដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ ដែលបោះឆ្នោត ក្នុងការបោះឆ្នោតសកល របស់អាមេរិក
បរទេស៖ សម្តេចប៉ាប ឡេអូ ទី១៤ (Pope Leo XIV) បានក្លាយជាសម្តេចប៉ាបដំបូងគេ បង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបានចូលរួមបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល របស់សហរដ្ឋអាមេរិក ។ ទីក្រុងវ៉ាទីកង់បានបញ្ជាក់កាលពីថ្ងៃសុក្រថា សម្តេចប៉ាបដែលមានដើមកំណើតនៅទីក្រុងឈីកាហ្គោ (Chicago) អង្គនេះ បានបញ្ជូនសន្លឹកឆ្នោត តាមប្រៃសណីយ៍ (Mail-in ballot) ទៅកាន់ទីក្រុងឈីកាហ្គោរួចរាល់ហើយ មុនការបោះឆ្នោតពាក់កណ្តាល អាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ឈានចូលមកដល់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
ការិយាល័យសារព័ត៌មាន នៃទីស្នាក់ការកណ្តាលកាតូលិក (Holy See Press Office) បានបញ្ជាក់ថា៖ “ដើម្បីរក្សានូវទម្លាប់ជាយូរមកហើយ នៃការចូលរួមក្នុងនាមជាពលរដ្ឋ ទ្រង់បានបញ្ជូនសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់ទ្រង់ទៅកាន់ទីក្រុងឈីកាហ្គោ”។ ការស្នើសុំសន្លឹកឆ្នោតនេះ ត្រូវបានធ្វើឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ មុនពេលសម្តេចប៉ាប ឡេអូ ទទួលការវះកាត់យកដុំសាច់មហារីក ចេញពីសួតខាងស្តាំរបស់ទ្រង់។
បច្ចុប្បន្ន ទ្រង់កំពុងបន្តសកម្មភាពឡើងវិញជាបណ្តើរៗនៅទីក្រុងវ៉ាទីកង់ បន្ទាប់ពីបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី១៧ ខែតុលា។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថាតើសម្តេចប៉ាប ឡេអូ បានបញ្ជូនសន្លឹកឆ្នោតត្រឡប់ទៅវិញដោយរបៀបណានោះទេ។ ស្របពេលជាមួយគ្នានេះ បងប្រុសបង្កើតរបស់សម្តេចប៉ាប គឺលោក John Prevost បានស្ថិតនៅទីក្រុងរ៉ូមក្នុងសប្តាហ៍នេះ ដោយបានអមដំណើរគ្រីស្តបរិស័ទមកពីព្រះសហគមន៍ St. Jude ដែលជាព្រះសហគមន៍គ្រប់គ្រងដោយក្រុម Augustinian ក្នុងទីក្រុង New Lenox រដ្ឋ Illinois។ លោក John Prevost តែងតែចូលរួមអភិបូជានៅទីនោះ ហើយសម្តេចប៉ាប ឡេអូ ក៏ធ្លាប់បានថ្លែងសុន្ទរកថានៅព្រះសហគមន៍នោះកាលពីឆ្នាំ ២០២៤ ផងដែរ ពេលដែលទ្រង់នៅជាកាឌីណាល់នៅឡើយ។
យោងតាមកំណត់ត្រាបោះឆ្នោត ប្រវត្តិបោះឆ្នោតកន្លងមករបស់ទ្រង់ (កាលនៅជាពលរដ្ឋសាមញ្ញឈ្មោះ Prevost) គឺទ្រង់ធ្លាប់បោះឆ្នោតគាំទ្រទាំងគណបក្សប្រជាធិបតេយ្យ (Democratic) និងគណបក្សសាធារណរដ្ឋ (Republican) ប៉ុន្តែកំណត់ត្រាមិនបានបង្ហាញថា ទ្រង់បានគាំទ្របេក្ខជនណាមួយជាក់លាក់នោះទេ។ នៅរដ្ឋ Illinois អ្នកបោះឆ្នោតត្រូវតែប្រកាស ពីចំណូលចិត្តគណបក្សរបស់ខ្លួន ដើម្បីទទួលបានសន្លឹកឆ្នោតបឋម (Primary ballot) ប៉ុន្តែការប្រកាសបែបនេះ មិនតម្រូវឱ្យធ្វើឡើយសម្រាប់ការបោះឆ្នោតសកល។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ ដោយផ្អែកលើកំណត់ត្រាបោះឆ្នោតរបស់រដ្ឋ Illinois ថា សម្តេចប៉ាប តែងតែបានបញ្ជូនសន្លឹកឆ្នោត ក្នុងការបោះឆ្នោតសកលគ្រប់អាណត្តិចាប់តាំងពីឆ្នាំ ២០០០ មក លើកលែងតែនៅឆ្នាំ ២០២០ និង ២០២២ ប៉ុណ្ណោះ។ ទោះបីជាទ្រង់បានចុះឈ្មោះបោះឆ្នោតនៅតំបន់ Cook County ដែលមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ច្រើនលើសលុបយ៉ាងណាក្តី ក៏ទ្រង់ធ្លាប់បានស្នើសុំសន្លឹកឆ្នោតបឋម របស់គណបក្សប្រជាធិបតេយ្យតែនៅក្នុងឆ្នាំ ២០០៨ និង ២០១០ ប៉ុណ្ណោះ។
ប្រែសម្រួល៖ គីរី
