បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅមិនទាន់សម្រេចចិត្តថាតើត្រូវវាយប្រហារលើប្រទេសអ៊ីរ៉ង់ម្តងទៀតឬយ៉ាងណានោះទេ ទោះបីជាកិច្ចចរចាសន្តិភាពនៅតែជាប់គាំងក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ថា លោក Rubio បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Atlanta រដ្ឋ Georgia ដែលជាទីកន្លែងលោកធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសនៃក្រុម G20 សម្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃថា៖ «យើងអាចសម្រេចបាននូវគោលដៅយោធា ប្រសិនបើយើងចង់ធ្វើដូច្នេះ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា លោក Trump «មិនទាន់សម្រេចចិត្ត» អំពីសកម្មភាពយោធាបន្ថែមទៀតនោះទេ ខណៈដែលមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តការវាយប្រហារឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារខាងមុខ។
រដ្ឋមន្ត្រីរូបនេះបានចោទទីក្រុងតេអេរ៉ង់ថា បានកំណត់គោលដៅលើនាវាពាណិជ្ជកម្ម «យ៉ាងសកម្ម និងដោយបើកចំហ» ប៉ុន្តែបានសង្កត់ធ្ងន់ថា លោក Trump ពេញចិត្តនឹងដំណោះស្រាយតាមផ្លូវការទូតជាង។ លោកបានបដិសេធមិនធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃការចរចា ឬផ្តល់ពេលវេលាជាក់លាក់ណាមួយសម្រាប់ការឈានទៅរកកិច្ចព្រមព្រៀងដែលអាចកើតមាននោះទេ។
ប្រែសម្រួលៈ ណៃ តុលា
