ព័ត៌មានអន្តរជាតិ

ម្ចាស់រោងចក្រចម្រាញ់ប្រេង Dung Quat បានដាក់ប្រាក់ជាង ២ ពាន់លានដុល្លារ នៅក្នុងធនាគារ អំឡុងពេលអត្រា​ ការប្រាក់បញ្ញើស្ថិតក្នុងកម្រិតខ្ពស់

បេទេស៖ ក្រុមហ៊ុន Vietnam Refinery and Petrochemical Corporation (BSR) បានដាក់ប្រាក់ជាង ៥៨.០០០ ពាន់លានដុង (VND) នៅក្នុងធនាគារ ដែលស្មើនឹង ជិតពាក់កណ្តាលនៃតម្លៃទ្រព្យសកម្មសរុបរបស់ខ្លួន ក្នុងអំឡុងពេលដែលអត្រាការប្រាក់ នៃប្រាក់បញ្ញើនៅតែស្ថិតក្នុងកម្រិតខ្ពស់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា គិតត្រឹមចុងខែកញ្ញា ក្រុមហ៊ុន BSR មានទ្រព្យសកម្មសរុបជាង ១២០.០០០ ពាន់លានដុង។ ក្នុងនោះ ជិត ៥៧.០០០ ពាន់លានដុង (ស្មើនឹង ២,២ ពាន់លានដុល្លារអាមេរិក) គឺជាប្រាក់បញ្ញើមានកាលកំណត់នៅតាមធនាគារ។ លើសពីនេះ ក្រុមហ៊ុនក៏មានប្រាក់ប្រហែល ១.៨០០ ពាន់លានដុង នៅក្នុងគណនីប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើរយៈពេលខ្លីផងដែរ។

របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញថា BIDV គឺជាធនាគារដែល BSR ដាក់ប្រាក់ច្រើនជាងគេ ដោយមានចំនួនជាង ១២.៤០០ ពាន់លានដុង បន្ទាប់មកគឺ VietinBank ចំនួន ១០.៥០០ ពាន់លានដុង និង SHB ចំនួន ៦.៤០០ ពាន់លានដុង។

បើធៀបនឹងដើមឆ្នាំ ប្រាក់បញ្ញើមានកាលកំណត់របស់ក្រុមហ៊ុន BSR បានកើនឡើងជាង ២០.០០០ ពាន់លានដុង។ ការកើនឡើងនេះកើតឡើងក្នុងពេលដែលអត្រាការប្រាក់ប្រាក់បញ្ញើជាមធ្យមបានកើនឡើងជាបន្តបន្ទាប់រយៈពេល ១១ ខែ ដោយឈានដល់កម្រិតលើសពី ៨% ក្នុងមួយឆ្នាំ (យោងតាមតារាងអត្រាការប្រាក់ដែលបានប្រកាស) សម្រាប់រយៈពេលពី ៦ ទៅ ១២ ខែ។ ចំពោះអតិថិជនជាស្ថាប័នដែលមានប្រាក់បញ្ញើធំៗ អត្រាការប្រាក់ជាក់ស្តែងអាចនឹងខ្ពស់ជាងនេះ ដោយសារមានគោលនយោបាយ អនុគ្រោះពិសេសពីធនាគារ។
ប្រែសម្រួលៈ តុលា

To Top