ព័ត៌មានអន្តរជាតិ

សេតវិមានរៀបចំផែនការ ដឹកនាំរដ្ឋាភិបាលដោយគ្មានសភា ប្រសិនបើគណបក្ស ប្រជាធិបតេយ្យឈ្នះឆ្នោត

​វ៉ាស៊ីនតោន ៖ យោងតាមមន្ត្រីសេតវិមានម្នាក់ និងប្រភពពីររូបទៀតដែលដឹងអំពីផែនការនេះ បានឱ្យដឹងថា សេតវិមាន របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនខែ ក្នុងការត្រៀមខ្លួន សម្រាប់លទ្ធភាពដែលគណបក្សប្រជាធិបតេយ្យ អាចនឹងដណ្តើម បានការគ្រប់គ្រងសភា ដោយបានរៀបចំផែនការ បន្តជំរុញរបៀបវារៈសំខាន់ៗរបស់លោក តាមរយៈអំណាចនីតិប្រតិបត្តិ ស្របពេលដែលកំពុងត្រៀមទប់ទល់ នឹងការស៊ើបអង្កេតនានាមកលើរដ្ឋបាលរបស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​មន្ត្រីជាន់ខ្ពស់ រួមទាំងនាយករងខុទ្ទកាល័យ លោក ស្ទេហ្វិន មីលល័រ និងនាយកថវិកា លោក រ័សុល វ៉ត បានធ្វើការជាមួយការិយាល័យទីប្រឹក្សាច្បាប់សេតវិមានតាំងពីខែមេសាមក ដើម្បីកំណត់ពីចំណាត់ការនីតិប្រតិបត្តិលើបញ្ហាអន្តោប្រវេសន៍ ពន្ធគយ តម្លៃផ្ទះសម្បែង និងការចំណាយសហព័ន្ធ ដែលលោក ត្រាំ អាចអនុវត្តបានដោយមិនចាំបាច់មានការអនុម័តពីសភា។ នេះបើតាមការបញ្ជាក់ពីប្រភពទាំងបីរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

​មន្ត្រីសេតវិមានបានឱ្យដឹងថា ទីប្រឹក្សាច្បាប់សេតវិមាន លោក វីល សាដហ្វ៍ (Will Scharf) និងក្រុមការងាររបស់លោក ក៏កំពុងពិនិត្យមើលផងដែរថា “តើលោក ត្រាំ អាចធ្វើអ្វីបានខ្លះដោយស្របច្បាប់ដោយខ្លួនឯង តើលោកអាចជំរុញអំណាចរបស់លោកដល់កម្រិតណា និងរបៀបការពារសេចក្តីសម្រេចទាំងនោះនៅក្នុងតុលាការ”។

​ការរៀបចំផែនការនេះបានសង្កត់ធ្ងន់ពីភាពផ្ទុយគ្នានៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារ៖ ការដណ្តើមបានការគ្រប់គ្រងសភា នឹងផ្តល់អំណាចដល់គណបក្សប្រជាធិបតេយ្យក្នុងការស៊ើបអង្កេតលោក ត្រាំ រារាំងច្បាប់ និងរឹតត្បិតអាទិភាពចំណាយរបស់លោក។ ប៉ុន្តែ លោក ត្រាំ នឹងនៅតែរក្សាបាននូវអំណាចនីតិប្រតិបត្តិយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម គោលនយោបាយការបរទេស និងការិយាធិបតេយ្យសហព័ន្ធ ដែលលោកធ្លាប់បានប្រើប្រាស់យ៉ាងសកម្មរួចមកហើយក្នុងអាណត្តិទីពីររបស់លោក។

​គណបក្សប្រជាធិបតេយ្យត្រូវការកៅអីបន្ថែមចំនួន ៤ ទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក ដើម្បីផ្តួលរំលំសំឡេងភាគច្រើនដ៏ប្រកៀកប្រកិតរបស់គណបក្សសាធារណរដ្ឋ ដែលមាន ២១៨ ទល់នឹង ២១៤ ក្នុងរដ្ឋសភា និង ៥៣ ទល់នឹង ៤៧ ក្នុងព្រឹទ្ធសភា។ ការស្ទង់មតិសាធារណៈបានបង្ហាញការគាំទ្រដល់គណបក្សប្រជាធិបតេយ្យក្នុងការឈ្នះរដ្ឋសភា ខណៈដែលព្រឹទ្ធសភានៅតែមានភាពប្រកៀកប្រកិតខ្លាំងមិនអាចទស្សន៍ទាយបាន។

​ក្នុងរយៈពេលមួយខែកន្លងមកនេះ លោក ត្រាំ បានរៀបចំការជួបជុំទូទាំងប្រទេសដោយព្យាយាមរក្សាការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា ទោះបីជាជំនួយការរបស់លោកកំពុងត្រៀមខ្លួនដោយស្ងាត់ៗ សម្រាប់ទិដ្ឋភាពនយោបាយដ៏ខុសប្លែកគ្នាមួយនៅក្នុងឆ្នាំ ២០២៧ ក៏ដោយ។

​ទោះជាយ៉ាងណា សេតវិមានបានទាត់ចោលចំពោះការលើកឡើងពីលទ្ធភាពនៃការចាញ់ឆ្នោតរបស់គណបក្សសាធារណរដ្ឋ និងបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។ អ្នកនាំពាក្យសេតវិមាន លោកស្រី ឡូរ៉េន ប៊ីស (Lauren Bis) បានមានប្រសាសន៍ថា “រដ្ឋបាលនេះ និងសមាជិកគណបក្សសាធារណរដ្ឋដែលប្រកបដោយគតិបណ្ឌិត នឹងបន្តធានាសុវត្ថិភាពព្រំដែនរបស់យើង ស្តារនីតិរដ្ឋ និង សណ្តាប់ធ្នាប់ ដាក់ប្រាក់ត្រឡប់ទៅក្នុងហោប៉ៅ របស់ប្រជាជនអាមេរិកដែលខិតខំធ្វើការ និងផ្តល់ជ័យជម្នះជូនប្រជាជនអាមេរិក”។

ប្រែសម្រួល៖ គីរី

To Top