អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេង សម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្ត ដ៏លំបាកសម្រាប់ឆ្នាំ២០២៧
បរទេស ៖ បណ្តាប្រទេសផលិតប្រេង នៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្ម សម្រាប់ខែធ្នូ ឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថា នឹងមិនមានការកែតម្រូវគោលនយោបាយ បន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះ បន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៦ ។
សមាជិកស្នូលទាំងប្រាំពីររបស់អង្គការ OPEC+ រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គូវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន និងអូម៉ង់ បានធ្វើការសម្រេចចិត្តនេះនៅក្នុងកិច្ចប្រជុំអនឡាញ មួយកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គការ OPEC។ ទោះបីជាសមាជិកនៅតំបន់ឈូងសមុទ្រ បាននិងកំពុងជំរុញការនាំចេញ ដែលរងការរំខានអស់ ជាច្រើនខែដោយសារជម្លោះក៏ដោយ ក៏ប្រទេសភាគច្រើន នៅតែបូមប្រេងបានក្នុងកម្រិតទាបជាង គោលដៅរបស់ខ្លួននៅឡើយ។
អង្គការ OPEC+ រួមមានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីផងដែរ។ មានតែសមាជិកទាំង ៧ ប្រទេសប៉ុណ្ណោះ បូករួមទាំងអារ៉ាប់រួម (រហូតដល់ប្រទេសនេះបានចាកចេញពីអង្គការ OPEC កាលពីខែឧសភា) ដែលបានចូលរួមក្នុងការសម្រេចចិត្តទិន្នផលប្រចាំខែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សមាជិកទាំងអស់នៃក្រុម ដែលមាន ២១ ប្រទេសនេះ គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃទី២៩ ខែវិច្ឆិកា ជាពេលដែលអ្នកវិភាគរំពឹងថា ពួកគេនឹងសម្រេចចិត្តលើកូតាសម្រាប់ឆ្នាំ២០២៧។
លោក ហ្ស៊ក ឡេអុង (Jorge Leon) អ្នកវិភាគនៅក្រុមហ៊ុន Rystad បានមានប្រសាសន៍ថា៖ “ការសម្រេចចិត្តនៅថ្ងៃនេះ គឺជារឿងងាយស្រួល។ ការសាកល្បងដ៏សំខាន់ជាងនេះ នឹងកើតឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាថ្ងៃទី២៩ ខែវិច្ឆិកា នៅពេលដែលអង្គការ OPEC+ នឹងសម្រេចចិត្តលើក្របខណ្ឌផលិតកម្មឆ្នាំ២០២៧ របស់ខ្លួន។”
តម្លៃប្រេងបានកើនឡើងជាង ២% កាលពីថ្ងៃសុក្រ ដោយប្រេងឆៅប្រភេទ Brent មានតម្លៃបិទជិត ១១៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែមេសាមក ខណៈដែលពាណិជ្ជករត្រៀមខ្លួន ទប់ទល់នឹងលទ្ធភាពនៃការកើនឡើង កម្តៅនៃសង្គ្រាមនៅអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាល អាណត្តិរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និង ស្ថាប័នព្យាករណ៍ផ្សេងទៀត បានព្រមានពីការផ្គត់ផ្គង់លើស តម្រូវការនៅក្នុងឆ្នាំ២០២៧ ប្រសិនបើលំហូរប្រេងនៅតំបន់ឈូង សមុទ្រវិលត្រឡប់មករកភាពប្រក្រតីវិញ។
លោក Leon បានបន្ថែមថា៖ “អង្គការ OPEC+ ប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកបំផុតសម្រាប់ឆ្នាំ២០២៧។ ក្រុមនេះត្រូវតែរៀបចំផែនការជុំវិញភាពមិនប្រាកដប្រជាដ៏ធំនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ល្បឿននៃការស្តារឡើងវិញតាមរយៈច្រកសមុទ្រ Hormuz និងទំហំនៃអតិរេក (ការផ្គត់ផ្គង់លើស) ដែលអាចនឹងកើតឡើង នៅពេលដែលចំនួនបារ៉ែលប្រេង ដែលរងការរំខានវិលត្រឡប់មកវិញ។”
អង្គការ OPEC+ នៅមានស្រទាប់ នៃការកាត់បន្ថយផលិតកម្ម មួយកម្រិតទៀតប្រហែល ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលគ្របដណ្តប់លើសមាជិកភាគច្រើន រហូតដល់ចុងឆ្នាំ២០២៦។
ប្រែសម្រួល៖ គីរី
