ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែង ដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី
បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិត ក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់ របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា ។ ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតសមាជិកសភាសិង្ហបុរីម្នាក់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
អតីតសមាជិកសភាសិង្ហបុរី លោក Calvin Cheng កាលពីពេលថ្មីៗនេះ បានលើកឡើងពីគំនិតនៃការកាត់ផ្តាច់ខ្សែកាបអុបទិកក្រោមសមុទ្រនេះ។ នៅក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Twitter លោកបានចែករំលែករូបភាពក្រាហ្វិកមួយ ដែលអះអាងថា ៩០% នៃចរាចរណ៍អ៊ីនធឺណិត (internet traffic) របស់ឥណ្ឌូណេស៊ី គឺឆ្លងកាត់ប្រទេសសិង្ហបុរី។
ទោះបីជាយ៉ាងណា ក្រោយមកលោក Cheng បានបញ្ជាក់ថា សិង្ហបុរី “ច្បាស់ណាស់” នឹងមិនចាត់វិធានការបែបនេះនោះទេ ប៉ុន្តែលោកស្រី Hafid នៅតែបានឆ្លើយតបនៅក្នុងសារមួយទៀតលើបណ្តាញសង្គម Instagram។ សារព័ត៌មាន Jakarta Globe បានដកស្រង់សម្តីលោកស្រី Hafid ដែលបានបញ្ជាក់ថា៖ “ប្រសិនបើ [ខ្សែកាប] ត្រូវបានកាត់ផ្តាច់ មិនថាក្នុងគោលបំណងអ្វី ឬដោយអចេតនានោះទេ ៨០% នៃការតភ្ជាប់របស់សិង្ហបុរី ក៏នឹងប្រឈមហានិភ័យនៃភាពគាំងដំណើរការផងដែរ។”
សារព័ត៌មាន South China Morning Post ក៏បានរាយការណ៍ផងដែរថា លោកស្រី Hafid បានចង្អុលបង្ហាញពីទីផ្សារឌីជីថលរបស់ឥណ្ឌូណេស៊ី ដោយលើកឡើងថា អ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ២៦៧ លាននាក់របស់ប្រទេសនេះ បានជួយទាក់ទាញការវិនិយោគបច្ចេកវិទ្យាជាសកលមកកាន់តំបន់។ លោកស្រីបានបន្ថែមថា “បើគ្មានតួលេខដ៏ធំនេះទេ វិនិយោគិនពីក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក អាចនឹងចាកចេញពីប្រទេសសិង្ហបុរីមិនខាន។”
ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ត្រូវបានតភ្ជាប់គ្នា ដោយបណ្តាញខ្សែកាបក្រោមសមុទ្រ ដែលនាំចរាចរណ៍អ៊ីនធឺណិត រវាងតំបន់អាស៊ីអាគ្នេយ៍ និងផ្នែកផ្សេងទៀត នៃពិភពលោក។
យោងតាមទិន្នន័យពីស្ថាប័ន TeleGeography ដែលដកស្រង់ដោយសារព័ត៌មានឥណ្ឌូណេស៊ី Katadata បានបង្ហាញថា យ៉ាងហោចណាស់ មានប្រព័ន្ធខ្សែកាបក្រោមសមុទ្រចំនួន ២៤ ដែលតភ្ជាប់ប្រទេសទាំងពីរ ដោយក្នុងនោះមានប្រព័ន្ធ ដែលកំពុងប្រតិបត្តិការចំនួន ១៧ និងគម្រោងដែលបានគ្រោងទុកចំនួន ៧ ទៀត។
ប្រែសម្រួល៖ គីរី
