ព័ត៌មានអន្តរជាតិ

ឡាវពង្រីកការអភិវឌ្ឍ គម្រោងថាមពលខ្យល់ ដើម្បីជំរុញវិស័យ ថាមពលកកើតឡើងវិញ ក្នុងតំបន់

បរទេស៖ លេចចេញពីជួរភ្នំដ៏ខៀវស្រងាត់ នៅភាគខាងត្បូងប្រទេសឡាវ ទួរប៊ីនខ្យល់ដែលសាងសង់ដោយចិនចំនួន ១៣៣ បង្គោល បាននឹងកំពុងជួយផ្គត់ផ្គង់ ថាមពលដល់កំណើនដ៏ឆាប់រហ័ស របស់វៀតណាម និងជាផ្នែកមួយ នៃការសម្រុកស្វែងរកប្រភព ថាមពលចម្រុះនៅក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​អ្នកស្រី ទូកតា ផនសាឡា (Toukta Phonsala) អាយុ ២៣ ឆ្នាំ ដែលកំពុងអង្គុយ ពកូននៅលើភ្លៅ នៅក្នុងផ្ទះឈើផុតពីដី របស់គាត់ក្នុងភូមិ ដាកវ៉ៃ (Dak Wai) បាននិយាយថា “ទិដ្ឋភាពនេះពិតជាស្រស់ស្អាតណាស់។ ពួកវាមានទំហំធំជាង ដើមឈើទៅទៀត” ។

​ទំនប់វារីអគ្គិសនីបានរីកសាយភាយពាសពេញ តំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការផលិតថាមពលតែង តែមានការធ្លាក់ចុះនៅរដូវប្រាំង ហើយអ្នករិះគន់តែងតែសម្តែងការ សោកស្តាយចំពោះផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។

​អ្នកជំនាញបានលើកឡើងថា ថាមពលខ្យល់ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមដំណើរការ ដោយចង្អុលបង្ហាញពីគម្រោងថាមពលខ្យល់ Monsoon (Monsoon Wind Power Project) កម្លាំង ៦០០ មេហ្គាវ៉ាត់របស់ឡាវ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅខែសីហា ឆ្នាំ២០២៥ ថាជាករណីសិក្សាដ៏មានសក្តានុពលមួយ។

​ដោយគ្របដណ្តប់លើផ្ទៃដីប្រហែលទំហំប្រទេសសិង្ហបុរី គម្រោងតម្លៃ ៧០០ លានដុល្លារអាមេរិកនេះ គឺជាគម្រោងថាមពលខ្យល់ឆ្លងដែនដំបូងគេនៅអាស៊ី និងជាកសិដ្ឋានថាមពលខ្យល់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។

​ត្រូវបានសាងសង់ដោយក្រុមហ៊ុនរដ្ឋរបស់ចិន និងគ្រប់គ្រងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដឹកនាំដោយថៃ គម្រោងនេះលក់អគ្គិសនីផ្តាច់មុខទៅឱ្យបណ្តាញអគ្គិសនីជាតិរបស់ប្រទេសវៀតណាម តាមរយៈបណ្តាញខ្សែបញ្ជូនដាច់ដោយឡែក។
​វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ធ្លាប់បាននាំចូលវារីអគ្គិសនីពីប្រទេសឡាវ ដែលជាប្រទេសជិតខាងក្រីក្របំផុតរបស់ខ្លួនរួចមកហើយ។

​លោក ទ្រីស្តង់ បេលលីងហេម (Tristan Bellingham) ប្រធានកម្មវិធីបច្ចេកទេសនៅអង្គការក្រៅរដ្ឋាភិបាល EnergyLab Asia បានមានប្រសាសន៍ថា ប៉ុន្តែ “សេដ្ឋកិច្ចកំពុងផ្លាស់ប្តូរទៅរកការគាំទ្រថាមពលខ្យល់”។

​លោកបានបន្តថា៖ “ស្រដៀងគ្នានឹងវារីអគ្គិសនីកាលពី ២០ ទៅ ៣០ ឆ្នាំមុនដែរ ឥឡូវនេះមានការសម្រុកដណ្តើមគ្នាបន្តិចបន្តួចដើម្បីទទួលបានសម្បទាន និងសិទ្ធិអភិវឌ្ឍន៍” សម្រាប់គម្រោងថាមពលខ្យល់ថ្មីៗ។

​ប្រទេសឡាវមានរោងចក្រវារីអគ្គិសនីចំនួន ៩០ រួចទៅហើយ ហើយមានរាប់សិបទៀតនៅក្នុងប្រទេសជិតខាង ដែលបន្សល់ទុកទីតាំងអំណោយផលល្អៗតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។

ប្រែសម្រួល៖ គីរី

To Top