ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា អាមេរិកនៅមានគោលដៅ “ត្រូវចាត់ការ” មួយ ឬពីរទៀតនៅក្នុងប្រទេសអ៊ីរ៉ង់

​ទីក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក បានកម្ទេចកងកម្លាំងយោធាភាគច្រើនរបស់អ៊ីរ៉ង់ រួចទៅហើយ ប៉ុន្តែនៅមានគោលដៅ “ដែលត្រូវចាត់ការ” មួយ ឬពីរទៀត រួមទាំងទីតាំង ដែលសង្ស័យថាជាកន្លែងនុយក្លេអ៊ែរដែលមានឈ្មោះថា ភ្នំ Pickaxe (Pickaxe Mountain) ផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ArabNews ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​លោក ត្រាំ បានគូសបញ្ជាក់ថា ការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ “កំពុងដំណើរការទៅដោយរលូន ប៉ុន្តែអ្នកក៏ដឹងដែរថា ពួកគេមិនសូវគួរឱ្យទុកចិត្តប៉ុន្មានទេ”។

​ប្រធានាធិបតីអាមេរិករូបនេះ បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកមិនប្រញាប់ប្រញាល់ចាត់វិធានការវាយលុកនោះទេ ពីព្រោះខ្លួនបានបំផ្លាញយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ទើរតែទាំងស្រុងទៅហើយ។

​លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងរដ្ឋផ្លរីដាថា៖ “យើងបានកម្ទេចនុយក្លេអ៊ែររបស់ពួកគេ។ យើងនៅសល់ទីតាំងប្រហែលមួយ ឬពីរទៀតដែលត្រូវចាត់ការ ប៉ុន្តែយើងអាចធ្វើវាបានក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។

​លោកបានបន្ថែម ដោយសំដៅទៅលើទីតាំងដែលសង្ស័យថាជាកន្លែងផលិតនុយក្លេអ៊ែរក្រោមដីថា៖ “អ្នកប្រហែលជាអាចមើលទៅភ្នំ Pickaxe ហើយអ្នកត្រូវតែចាត់ការទីនោះ។ យើងអាចធ្វើកិច្ចការនោះបានយ៉ាងឆាប់រហ័ស។”

​ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធចំពោះការចោទប្រកាន់ថា ខ្លួនមានសកម្មភាពការងារនុយក្លេអ៊ែរណាមួយត្រូវបានអនុវត្តនៅទីនោះ។

​កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងថា លោក ត្រាំ មិនទាន់សម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការវាយប្រហារជាថ្មីលើប្រទេសអ៊ីរ៉ង់នៅឡើយទេ ហើយថាសហរដ្ឋអាមេរិកនឹងបើកចំហរជានិច្ចសម្រាប់ដំណោះស្រាយតាមផ្លូវទូត។

​ចំណែកឯមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងការបើកការវាយប្រហារថ្មីណាមួយមកលើខ្លួន បន្ទាប់ពីមានការគំរាមកំហែងក្នុងការបន្តការវាយប្រហារឡើងវិញក្រោយការបោះឆ្នោត។

​គួររំលឹកផងដែរថា លោក ត្រាំ ធ្លាប់បានព្រមានពីសក្តានុពលនៃសកម្មភាពយោធាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដោយលោកធ្លាប់បានលើកឡើងកន្លងមកថា លោកកំពុងថ្លឹងថ្លែងថាតើគួរតែ “បញ្ចប់ពួកគេចោល” ឬយ៉ាងណា។

ប្រែសម្រួល៖ គីរី

To Top