បរទេស៖ ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell គឺជាអតិថិជនដំបូងគេដែលទទួលបានឧស្ម័នធម្មជាតិរាវ (LNG) ក្រោមកិច្ចសន្យាលក់រយៈពេលវែងពីរោងចក្រនាំចេញ Plaquemines របស់ក្រុមហ៊ុន Venture Global នៅក្នុងរដ្ឋ Louisiana បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាកល្បងដាក់ឱ្យដំណើរការដំណាក់កាលទី១ (Phase 1 commissioning) និងបានឈានចូលដល់ប្រតិបត្តិការពាណិជ្ជកម្មពេញលេញ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុននាំចេញ LNG មួយនេះកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុមហ៊ុន Venture Global បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រ Plaquemines បានបញ្ចប់ការសាកល្បងដាក់ឱ្យដំណើរការដំណាក់កាលទី១ របស់ខ្លួនកាលពីថ្ងៃសៅរ៍ ពោលគឺរយៈពេល ២២ ខែបន្ទាប់ពីរោងចក្រនេះបានផលិតឧស្ម័នធម្មជាតិរាវ (LNG) ជាលើកដំបូង។
នាវាដឹកឧស្ម័ន LNG ឈ្មោះ Malaga Knutsen បានផ្ទុកទំនិញពាណិជ្ជកម្មជាលើកដំបូងសម្រាប់ក្រុមហ៊ុន Shell ពីរោងចក្រ Plaquemines ហើយបានចាកចេញនៅម៉ោង ៣:២៦ នាទីព្រឹក (ម៉ោង 09:26 GMT) កាលពីថ្ងៃអាទិត្យ។
លោក ម៉ៃ សាប៊ែល (Mike Sabel) នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Venture Global បានមានប្រសាសន៍ថា៖ "ការសម្រេចបាននូវប្រតិបត្តិការពាណិជ្ជកម្មនៅដំណាក់កាលទី១ នៃគម្រោង LNG ទី២ របស់យើង ក្នុងរយៈពេល ៥៣ ខែនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់ដោយមិននឿយហត់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមការងារយើង។"
អតិថិជនក្នុងដំណាក់កាលទី១ ដែលរួមមានក្រុមហ៊ុន Shell, Orlen, Sinopec, CNOOC Gas & Power និង EDF ត្រូវបានរំពឹងថានឹងទទួលបានឧស្ម័ន LNG ក្រោមកិច្ចសន្យារយៈពេលវែង។ ការកំណត់តម្លៃនៃកិច្ចសន្យាទាំងនោះ នឹងត្រូវបានបញ្ចុះតម្លៃយ៉ាងច្រើនធៀបនឹងតម្លៃខ្ពស់បំផុតក្នុងរយៈពេលជិត ៤៦ ខែចុងក្រោយ ដែលមានតម្លៃប្រហែល ៣៤ ដុល្លារក្នុងមួយ mmBtu នៅឯទីផ្សារគោល Dutch Title Transfer Facility ក្នុងទ្វីបអឺរ៉ុប និង ៣២ ដុល្លារនៅឯទីផ្សារគោល Japan-Korea Marker ក្នុងតំបន់អាស៊ី។
កន្លងមក ក្រុមហ៊ុន Venture Global ទទួលបានអត្ថប្រយោជន៍ពីការពន្យារពេលយ៉ាងយូរនៃការសាកល្បងដាក់ឱ្យដំណើរការនៅរោងចក្ររបស់ខ្លួន។ ក្រុមហ៊ុនធ្លាប់អាចលក់ទំនិញពីគម្រោង Plaquemines នៅលើទីផ្សារទិញលក់ភ្លាមៗ (Spot market) ដែលទីផ្សារនេះបានមើលឃើញពីការកើនឡើងតម្លៃយ៉ាងខ្លាំងដោយសារតែជម្លោះដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា។
ត្រឹមតែជាក្រុមហ៊ុនទើបបង្កើតថ្មី (Startup) កាលពី ៥ ឆ្នាំមុន បច្ចុប្បន្ន ក្រុមហ៊ុន Venture Global បានក្លាយជាក្រុមហ៊ុនផលិត LNG ធំជាងគេទី២ នៅក្នុងប្រទេសនេះ ដោយបានចូលរួមចំណែកជួយឱ្យសហរដ្ឋអាមេរិកឈានមុខគេនៅលើពិភពលោកក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG)។
ប្រែសម្រួល៖ គីរី
