ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស នៅតំបន់ឈូងសមុទ្រពែក្ស បារម្ភពីការសងសឹកដ៏ខ្លាំងក្លា ជាងមុនពីសំណាក់អ៊ីរ៉ង់ ប្រសិនបើអាមេរិកបើកការវាយប្រហារម្តងទៀត

បរទេស៖ បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សមានការភ័យខ្លាចថា ប្រសិនបើមានការវាយប្រហារមួយទៀតពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ដែលពេលនេះ មានការត្រៀមខ្លួនបានល្អជាងមុននោះ វាអាចនឹងបង្កឱ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ កាន់តែខ្លាំងនៅក្នុងតំបន់ ដែលនឹងទុកឱ្យពួកគេក្លាយជាអ្នករ៉ាប់រងផលវិបាកទាំងនោះ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Anwar Gargash ទីប្រឹក្សាផ្នែកការទូត របស់ប្រធានាធិបតី នៃប្រទេសអារ៉ាប់រួម (UAE) បានថ្លែងនៅក្នុងវេទិកា «IISS Manama Dialogue» ក្នុងប្រទេសបារ៉ែន កាលពីថ្ងៃអាទិត្យថា៖ «យើងកំពុងត្រូវបានទាញចូលទៅក្នុងវិបត្តិមួយ ដែលយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាមផ្លូវការទូត ដើម្បីព្យាយាមជៀសវាងកុំឱ្យកើតឡើង។ យើងពិតជាកំពុងស្វែងរកផ្លូវចេញតាមរយៈដំណោះស្រាយនយោបាយ»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹង «បញ្ចប់កិច្ចការនេះ» នៅក្នុងប្រទេសអ៊ីរ៉ង់ ។ ទោះបីជាលោក ត្រាំ បានបដិសេធលទ្ធភាព នៃការវាយប្រហារថ្មីណាមួយមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះក៏ដោយ ប៉ុន្តែលោកក៏មិនបានបិទលទ្ធភាពនៃការវាយប្រហារឡើងវិញនោះដែរ ដរាបណាការចរចាសន្តិភាពនៅតែជាប់គាំង។

ការផ្ទុះឡើងនៃការប្រយុទ្ធថ្មីនឹងបង្កការ ខូចខាតបន្ថែមទៀតដល់តំបន់មួយ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីសង្គ្រាមអស់រយៈពេលជាច្រើនខែមកហើយ ។ ប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះដ្រូនរាប់ពាន់គ្រឿង ទៅកាន់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ដោយវាយប្រហារលើទីតាំងនានា រួមមានហេដ្ឋារចនាសម្ព័ន្ធប្រេង អាកាសយានដ្ឋាន និងរោងចក្រថាមពល។ ការវាយប្រហារទាំងនេះបានបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស ព្រមទាំងបង្កភាពវឹកវរដល់សេដ្ឋកិច្ចក្នុងតំបន់។

ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនឹងធ្លាក់ចុះ ៣,៣% នៅឆ្នាំនេះ ខណៈដែលប្រទេសគុយវ៉ែត និងកាតា ត្រូវបានគេរំពឹងថានឹងជួបប្រទះការធ្លាក់ចុះកាន់តែខ្លាំងជាងនេះទៅទៀត។
ប្រែសម្រួលៈ តុលា

To Top