រដ្ឋមន្ដ្រីអប់រំ ស្នើឱ្យថែរក្សា និងប្រើប្រាស់សម្ភារ ទទួលបានពីគម្រោងរបស់ KOICA ឱ្យមានប្រសិទ្ធភាព
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ថែរក្សា ប្រើប្រាស់សម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធទទួលបានពីគម្រោងរបស់ KOICA ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ។

ការស្នើរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយលោក Kim Chang-yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ក្នុងពិធីបិទបញ្ចប់គម្រោង «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ សម្រាប់ការអប់រំ នៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា» ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
គម្រោងនេះត្រូវបានអនុវត្ត ក្នុងរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ ដោយបានអនុវត្តនៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគចំនួន ៤ និងសាលារៀនគោលដៅចំនួន ២០ ក្នុងខេត្តកណ្ដាល កំពង់ចាម ព្រៃវែង និងតាកែវ។ គម្រោងនេះមានគោលបំណងក្នុងការលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ព្រមទាំងពង្រឹងបរិយាកាសបង្រៀន និងរៀន សម្ភារឧបទ្ទេស កម្មវិធីសិក្សា និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅតាមគ្រឹះស្ថានអប់រំគោលដៅ។

ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការអនុវត្តគម្រោង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារ KOICA និងសាកលវិទ្យាល័យជាតិអប់រំកូរ៉េ ដែលបានរួមគ្នាពង្រឹង ការអប់រំ ICT នៅកម្ពុជា ព្រមទាំងបានលើកឡើង ពីសារៈសំខាន់ នៃការបន្តប្រើប្រាស់ធនធាន និងសមិទ្ធផលដែលទទួលបានឱ្យមានប្រសិទ្ធភាព ដើម្បីធានាថាការគាំទ្រ ផ្នែកបច្ចេកវិទ្យាឌីជីថលអាចផ្ដល់ផលប្រយោជន៍យូរអង្វែងដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងទីភ្នាក់ងារ KOICA ដែលបានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ស្របតាមបរិបទនៃបរិវត្តកម្មឌីជីថល និងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងសាលា និងគ្រូឧទ្ទេស បន្តយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់សម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានពីគម្រោងឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ព្រមទាំងបន្តពង្រឹងសមត្ថភាពធនធានមនុស្សតាមរយៈការផ្ទេរ និងចែករំលែកចំណេះដឹង បទពិសោធ និងជំនាញបច្ចេកទេស ដើម្បីធានានិរន្តរភាព នៃសមិទ្ធផលដែលសម្រេចបាន៕
