ព័ត៌មានជាតិ

ប្រមុខការទូត កម្ពុជា-វៀតណាម ជួបគ្នានៅចិន ពិភាក្សាការងារមួយចំនួន រួមទាំងបច្ចុប្បន្នភាព តាមបណ្តោយ ព្រំដែនរវាងកម្ពុជានិងថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរ ដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការ នាពេលថ្មីៗនេះ របស់ នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់កម្ពុជា ដោយបានគូសបញ្ជាក់ថា ទស្សនកិច្ចកម្រិតខ្ពស់ទាំងនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងស្ថិតស្ថេររវាងកម្ពុជា និងវៀតណាម ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង »។

ក្នុងជំនួបនេះប្រមុខការទូតទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអេកម៉ិក លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ ដែលគ្រោងនឹងប្រព្រឹត្តទៅចុងខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ដោយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអនុតំបន់។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីវៀតណាម អំពីបច្ចុប្បន្នភាពតាមបណ្តោយ ព្រំដែន រវាងកម្ពុជានិងថៃផងដែរ ៕

To Top