អាជ្ញាធរមីន៖ ការការពារប្រជាពលរដ្ឋ ពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវដើរទន្ទឹមគ្នារវាងការបោសសម្អាត និងអប់រំបង្ការ
បន្ទាយមានជ័យ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវដើរទន្ទឹមគ្នារវាងការបោសសម្អាត និងការអប់រំបង្ការ។
ក្នុងយុទ្ធនាការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី ធុជ បានសម្តែងក្តីព្រួយបារម្ភចំពោះការគំរាមកំហែងថ្មីពីសំណល់ជាតិផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមក្នុងចំនួនដ៏ច្រើន ដែលយោធាថៃបានបន្សល់ទុកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។ យុទ្ធភណ្ឌទាំងនេះបង្កហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងតំបន់រងផលប៉ះពាល់។ ហានិភ័យកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រជាពលរដ្ឋយល់ច្រឡំថា តំបន់ដែលធ្លាប់បានបោសសម្អាតរួចហើយ មានសុវត្ថិភាពទាំងស្រុង។
លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ឱ្យពន្លឿនការកំណត់ទីតាំង និងការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋពីសំណល់សង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិត និងសុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះឡើយ។
ទន្ទឹមនឹងការពន្លឿនការបោសសម្អាត លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យប្រតិបត្តិករសកម្មភាពមីន ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងពង្រីកការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារដែលរស់នៅក្បែរតំបន់មានហានិភ័យ។ លោក បានគូសបញ្ជាក់ថា ការការពារអាយុជីវិតប្រជាពលរដ្ឋ មិនអាចពឹងផ្អែកតែលើការបោសសម្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្សារភ្ជាប់ជាមួយការអប់រំបង្ការ និងការផ្តល់ព័ត៌មានទាន់ពេលវេលាផងដែរ៕




