គណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ យោធភូមិភាគទី៤ ជូនដំណើរប្រជាពលរដ្ឋស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីអបអរសាទរ និងជូនដំណើរប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តដាក់ពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា ជំហានទី១ ឆ្នាំ២០២៦ ទៅកាន់សាលាហ្វឹកហ្វឺតកងទ័ព ដែលពិធីនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ព្រមទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំគណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងយោធិននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋបានអញ្ជើញចូលរួមជូនដំណើរយ៉ាងច្រើនកុះករ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ បានឡើងរាយការណ៍បញ្ជាក់ថា៖ ដោយអនុវត្តតាមច្បាប់ និង អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអញ្ជើញប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចូលរួម បំពេញកាតព្វកិច្ចយោធា មានចំនួន ១០,០០០ នាក់ សម្រាប់ឆ្នាំ២០២៦ ។ ដើម្បីអនុវត្តភារកិច្ចនេះ ឲ្យទទួលបានជោគជ័យ គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តកំពង់ធំ បានសហការគ្នាយ៉ាងជិតស្និទ្ធ រវាងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលមានអាយុពី ១៧ ឆ្នាំ ដល់ ២៥ ឆ្នាំ និងប្រជាពលរដ្ឋ ដែលមានអាយុ ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ដើម្បីដំណើរការចែកពាក្យជូន និងទទួលពាក្យ ពីប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធានៅពេលនេះ ។

លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងអបអរសាទរពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ព្រមទាំងបងប្អូនអ៊ុំ ពូមីង ជាអាអាណាព្យាបាល ដែលបានអញ្ជើញជូនដំណើរកូនចៅ ប្ដីសី ទៅបំពេញកាតព្វកិច្ចយោធានៅពេលនេះ ។

ជាមួយនេះដែរ លោកអភិបាលខេត្តកំពង់ធំ ក៍បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះក្មួយៗ ដែលបានស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីកិត្តិយសជាតិ ដើម្បីរួមគ្នាការពារជាតិមាតុភូមិ នៃយើង និងដើម្បីកិត្តិយសខ្លួនឯង និងក្រុមគ្រួសារផងដែរ និងបានណែនាំដល់ក្មួយៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ លត់ដំខ្លួន នៅសាលាហ្វឹកហ្វឺនឲ្យបានល្អ និងគោរពបទបញ្ជារបស់មេបញ្ជាការគ្រប់ថ្នាក់ ក្នុងពេលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្ដាកងឯកភាពនីមួយៗ ដើម្បីក្លាយជាយុវជនល្អ ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ នៃព្រះរាជាណាចក្រកម្ពុជាយើង។ ហើយនៅក្នុងឱកាសនេះ លោក នួន ផារ័ត្ន និងគណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ បានបំពាក់កន្សែងអនុស្សាវរីយ៍ នឹងបានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងស្បៀងអាហារ ភេសជ្ជៈ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធា ក្នុងពេលធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពផងដែរ ៕ ដោយសំនៀង








