កម្ពុជា បន្ដជំរុញការវិនិយោគ ផ្ទាល់ពីបរទេស ទោះជាស្ថានភាព សេដ្ឋកិច្ចសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា
ភ្នំពេញ ៖ កម្ពុជា បន្តបេសកកម្មយ៉ាងសកម្មក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា យ៉ាងណាក៏ដោយ។

ក្នុងកិច្ចសន្ទនាលើកទី៥ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានគូសបញ្ជាក់អំពីសមិទ្ធផលការងារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនានា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តបេសកកម្មយ៉ាងសកម្ម ក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយផ្ដល់នូវបរិយាកាសវិនិយោគ ដែលមានភាពអំណោយផល ស្ថិរភាព និងភាពព្យាករណ៍បាន»។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។ តាមរយៈសមិទ្ធផលនេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ ៣០% ដែលជាកត្តាយុទ្ធសាស្ត្រមួយ ក្នុងការលើកកម្ពស់ភាពប្រកួត ប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយ និងបង្ហាញសុឆន្ទៈក្នុងការផ្តល់កិច្ចគាំទ្រនានាចំពោះ ផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែល ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឡើង នាពេលខាងមុខ៕

