លោក សាយ គឹមឡម នាំយកអំណោយស្បៀងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ៨៧៥គ្រួសារ នៅឃុំទ្រា និងឃុំកំពង់ចិនជើង ក្នុងស្រុកស្ទោង!
កំពង់ធំ ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចែកអំណោយស្បៀងអាហារ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៨៧៥គ្រួសារ ដែលរស់នៅក្នុងឃុំទ្រា និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ការផ្ដល់ជំនួយនេះ មានគោលបំណងចូលរួមសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងជួយគាំទ្រដល់តម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានបញ្ជាក់ថា អំណោយស្បៀងអាហារដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការផ្ដល់ជំនួយនេះ បង្ហាញពីការគិតគូរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលត្រូវការការគាំទ្រផ្នែកស្បៀងអាហារ។
លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ គឺជាការងារដែលត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ការផ្ដល់ជំនួយស្បៀងអាហារ ដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបញ្ជាក់ថា អាជ្ញាធរមិនត្រូវព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋឡើយ ហើយមិនត្រូវទុកឱ្យបងប្អូនណាម្នាក់រងគ្រោះដោយសារខ្វះខាតស្បៀងអាហារ ដោយគ្មានការដឹងឮ និងការយកចិត្តទុកដាក់ពីអាជ្ញាធរនោះទេ។

លោកក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានបន្តតាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់គ្រួសារនីមួយៗ និងយកចិត្តទុកដាក់ចំពោះគ្រួសារដែលកំពុងជួបការលំបាក។ ការស្គាល់ពីស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នឹងជួយឱ្យការផ្ដល់ជំនួយមានភាពត្រឹមត្រូវ និងអាចទៅដល់អ្នកដែលត្រូវការជំនួយពិតប្រាកដ។

ទន្ទឹមនឹងការងារជួយសម្រាលជីវភាពប្រជាពលរដ្ឋ លោក សាយ គឹមឡម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទ្រា និងឃុំកំពង់ចិនជើង ឱ្យយកចិត្តទុកដាក់ពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យព័ត៌មានផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីធានាថាពួកគាត់អាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនតាមច្បាប់។
ការអំពាវនាវនេះ គឺជាការរំលឹកដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោត និងសហការជាមួយអាជ្ញាធរមូលដ្ឋាននៅពេលមានការផ្សព្វផ្សាយ ឬការផ្ទៀងផ្ទាត់ព័ត៌មាន។

សូមបញ្ជាក់ថា អំណោយស្បៀងអាហារដែលបានចែកជូនប្រជាពលរដ្ឋទាំង៨៧៥គ្រួសារ ក្នុងឱកាសនេះរួមមាន ÷អង្ករ១បេ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ក្នុងមួយគ្រួសារ៕ដោយសំនៀង







