Feature

ប្រមុខការទូត កម្ពុជា-ចិន ជួបគ្នានៅប៉េកាំង ពិភាក្សាការងារមួយចំនួន ព្រមទាំងរំលឹកពីរឿងព្រំដែន

ប៉េកាំង៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

ទោះបីជាមានជំនួប រវាងជាញឹកញាប់យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ នៅតែបន្តផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរយ៉ាងស្និទ្ធស្នាល ព្រមទាំងបានកត់សម្គាល់ដោយពេញចិត្តថា លទ្ធផលនៃជំនួបនីមួយៗ បានរួមចំណែកបន្ថែមទៀត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានបន្តគាំទ្រក្នុងការសម្របសម្រួល កិច្ចសន្ទនាដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់ថា សន្តិភាពប្រកបដោយចីរភាព ត្រូវផ្អែកលើច្បាប់អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មី ថាព្រំដែនអន្តរជាតិ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ ៕

To Top