បណ្ឌិត កៅ ថាច ៖ កសិករគួរប្រើស្មាតហ្វូន នៅក្នុងដៃឱ្យមានប្រយោជន៍ និងទទួលព័ត៌មានសំខាន់ៗ សម្រាប់របរកសិកម្ម
កំពង់ធំ៖ លកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញ កសិករតេជោ បានជំរុញដល់កសិករ ឱ្យចេះប្រើទូរស័ព្ទស្មាតហ្វូន មកបម្រើឱ្យផលប្រយោជន៍ នៅក្នុងមុខរបរកសិកម្មរបស់ខ្លួន។

លោកបណ្ឌិតប្រតិភូ មានប្រសាសន៍ថា ព័ត៌មានសំខាន់ៗដែលកសិករគួរតាមដាន មានដូចជា ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស ព័ត៌មានអំពីការកែច្នៃ និងព័ត៌មានអំពីការស្វែងរកដើមទុន ជាដើម។
លោកអគ្គនាយក ARDB មានប្រសាសន៍ថា «កសិករសម័យនេះមិនដូចកសិករសម័យមុន ។ កសិករសម័យនេះ ដៃកាន់សុទ្ធតែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូនធ្វើជាម្ចាស់លើយើង។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន ។ មានន័យថា ប្រើស្មាតហ្វូនដែលកំពុងកាន់នៅក្នុងដៃនេះ ឱ្យវាមានប្រយោជន៍ ។ បើពុំដូច្នេះទេ ទូរសព័្ទស្មាតហ្វូននឹងធ្វើឱ្យយើងជាអ្នកប្រើ អូស ឬស្ក្រូលរហូតអត់បានទៅមើលចម្ការ រវល់ជាប់មើលរឿងអត់ប្រយោជន៍ច្រើន តាមហ្វេសប៊ុក»។

លោកបណ្ឌិត មានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង ២០០នាក់។

លោកបណ្ឌិត លើកឡើងថា កង្វះព័ត៌មានកសិកម្ម ជាបញ្ហាចោទមួយសម្រាប់បងប្អូនកសិករ ហើយទាមទារឱ្យមានការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយជាងមុន ហើយបងប្អូនកសិករគួរព្យាយាមវិភាគ ដើម្បីឱ្យដឹងថា ព័ត៌មាននោះពិត ឬមិនពិត ល្អ ឬមិនល្អ ។
លោកបណ្ឌិត មានប្រសាសន៍ថា «ដូចនេះខ្ញុំសូមក្រើនរំលឹកថា ប្រយ័ត្នទូរស័ព្ទធ្វើជាអ្នកគ្រប់គ្រងយើងវិញ។ តាមពិតយើងជាម្ចាស់ទូរស័ព្ទហើយ តែដល់ពេលយើងប្រើប្រាស់ វាធ្វើជាម្ចាស់យើងវិញ វាអត់ឱ្យយើងទៅណារួច។ វាជាចោរប្លន់ពេលវេលារបស់ម្ចាស់។ ដូច្នេះប្រើប្រាស់វាផង ហើយព័ត៌មានទាំងនេះបើបងប្អូនចង់រក មាននៅក្នុងផេកហ្វេសប៊ុករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផេកហ្វេសប៊ុករបស់សមាគមបណ្តាញកសិករតេជោ អាចមានព័ត៌មានតារាងតម្លៃរបស់កសិផលមានច្រើនប្រភេទ តម្លៃសាច់ តម្លៃពងទា ពងមាន់ តម្លៃត្រី តម្លៃលក់ដុំ និងតម្លៃលក់រាយ»៕






