Feature

អគ្គនាយក ARDB លើកទឹកចិត្តប្រជាកសិករ ក្នុងស្រុកប្រាសាទសំបូរ ដាំដំណាំ ឬចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់រាល់ថ្ងៃ

កំពង់ធំ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍បំផុសគំនិតលើកទឹកចិត្តដល់ប្រជាកសិកររស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឱ្យគិតគូរដាំដុះដាំណាំផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់បានជាប្រចាំរៀងរាល់ថ្ងៃ ទៅឱ្យអ្នកទទួលទាន និងឈ្មួញ ដើម្បីរក្សាទីផ្សារកុំឱ្យបាត់បង់។

លោកបណ្ឌិត មានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។

យោងតាមរបាយការណ៍របស់អភិបាលរងស្រុកប្រាសាទសំបូរ សហគមន៍កសិកម្មបង្កើតឡើងក្នុងស្រុកប្រាសាទសំបូរ មានចំនួន ៨សហគមន៍។

លោកបណ្ឌិត មានប្រសាសន៍លើកឡើងថា ការរួមគ្នាធ្វើការដាំដុះ និងចិញ្ចឹមសត្វឱ្យមានលក់ជាប្រចាំបែបនេះ ជារឿងល្អសម្រាប់ការជំរុញជីវភាពសហគមន៍ ក៏ដូចជាសកម្មភាពផលិតកម្មកសិកម្ម នៅក្នុងតំបន់។

លោក អគ្គនាយកមានប្រសាសន៍ថា «តាមការសង្កេតរបស់ខ្ញុំឃើញថាការដាំដុះ និងការចិញ្ចឹម យើងលក់ឱ្យអ្នកទទួលទានអត់បានរាល់ថ្ងៃ ។ មានមួយថ្ងៃបាត់មួយអាទិត្យ ឬមានមួយថ្ងៃបាត់រហូតដល់មួយខែ ។ នេះជាបញ្ហាធំ ដែលបងប្អូនកសិករកំពុងមានកង្វល់ គឺទីផ្សារ»។

លោក បានបន្តថា «យើងបន្ទោសថាអត់ទីផ្សារ លក់មិនបាន ចំណែកឯអ្នកទិញគេថា ទិញបានមួយថ្ងៃបាត់មួយអាទិត្យ។ ឧទាហរណ៍អ្នកដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់មួយ លក់បានយ៉ាងច្រើនបាន៣ថ្ងៃអស់ហើយ ហើយទើបចាប់ផ្តើមរៀបចំដាំឡើងវិញជាថ្មី ដែលត្រូវរង់ចាំជាង២០ថ្ងៃទៀតទើបបានប្រមូលផល ចឹងអ្នកទទួលទានរង់ចំាជាង២០ថ្ងៃទៀតចាំមកទិញម្តងទៀតមក។ ដូចនេះបញ្ហាធំនៅត្រង់ចំណុចនេះ ដែលធ្វើឱ្យយើងបាត់បង់ទីផ្សារ»។

«មួយទៀត អ្នកបើកភោជនីយដ្ឋាន គេបើកលក់ និងត្រូវការបន្លែរាល់ថ្ងៃ ពេលគាត់អត់ជម្រើស តើគាត់ទៅណា? បន្លែនាំមកពីភ្នំពេញមានរាល់ថ្ងៃ ធ្វើឱ្យគេជាប់ម៉ូយអ្នកនាំបន្លែមកពីភ្នំពេញ ។ នៅពេលយើងផលិតបាន២០ថ្ងៃក្រោយ យកទៅលក់ឱ្យ ស្រាប់គេថាគេទិញបន្លែនាំមកពីភ្នំពេញហើយ។ ដូចនេះយើងលក់បន្លែអត់ដាច់ដដែល»។

យោងតាមឯកឧត្តមបណ្ឌិត, ការៀបចំក្រុមផលិតជាសហគមន៍កសិកម្មល្អ អាចរៀបចំកាលវិភាគនៃការដាំដុះនិងការប្រមូលផលហើយលក់ឱ្យបានរាល់ថ្ងៃដែលធ្វើឱ្យទីផ្សារនៅជាប់រាល់ថ្ងៃជាមួយកសិករនៅក្នុងស្រុកប្រាសាទសំបូរនេះ។

លោកបណ្ឌិត កៅ ថាច មានប្រសាសន៍សង្កត់ធ្ងន់ថា «បញ្ហានេះធំណាស់ដោយសារតែកសិករយើងមានផ្ទៃដីដាំដុះតូចៗត្រូវការរួមគ្នាធ្វើ។ ខ្ញុំលើកទឹកចិត្តដល់សហគមន៍កសិកម្មបង្កើតឡើងហើយផលិត មិនមែនសហគមន៍លក់តែជី លក់តែប្រេងចងការប្រាក់នោះទេ។ ត្រូវរួមគ្នាផលិត រួមគ្នារៀបចំផែនការផលិតលក់ឱ្យបានរាល់ថ្ងៃទៅដល់អ្នកបរិភោគ និងអ្នកទិញ។ តែបើធ្វើតាមសេណារីយ៉ូ (លក់ហើយខាន) ដែលខ្ញុំជម្រាបជូនមុននេះ គេមកទិញតែម្តង លើកក្រោយគេលែងមកទិញរហូត។ ព្រោះគេត្រូវការរាល់ថ្ងៃ ប៉ុន្តែយើងមានតាមពេល។ បើយើងមានគ្រួសារច្រើន អស់មួយគ្រួសារនៅសល់គ្រួសារផ្សេង តៗគ្នាជាប់រហូតទៅ ធ្វើឱ្យមានជាប់រហូតហើយ។ ដូច្នេះយើងអាចគ្រប់គ្រង យើងអាចរក្សាទីផ្សារបានយើងលក់បានដោយស្រួល»៕

To Top