Feature

ថ្នាក់ដឹកនាំក្រសួងការងារ លើកទឹកចិត្តឱ្យប្រតិភូយុវជន នៃកម្មវិធី SSEAYP ផ្សព្វផ្សាយពីវឌ្ឍនភាពកម្ពុជា លើឆាកអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ និងចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួន និងសង្គមជាតិ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ សរុបចំនួន ២០នាក់ (ស្រី ១០នាក់) នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីរួមចំណែកតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ មុននឹងចាប់ផ្តើមចេញដំណើរ ទៅកាន់ប្រទេសចំនួន ៤ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) មុននឹងបន្តដំណើរឆ្ពោះ ទៅកាន់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍ និងអបអរសាទរចំពោះយុវជនទាំងអស់ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ឱ្យចូលរួមកម្មវិធី SSEAYP លើកទី៥០ ដែលជាមោទនភាពផ្ទាល់ខ្លួន សម្រាប់គ្រួសារ និង សម្រាប់កម្ពុជាទាំងមូល ហើយក៏ជាឱកាសដ៏ល្អ ក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយថ្នាក់ដឹកនាំ តាមស្ថាប័ននានា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធបន្ថែមយកមកសំយោគ ជាមួយស្ថានភាពរបស់ខ្លួន។ ជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំក្រសួង និងយុវជនជំនាន់ក្រោយដែលប្រកបដោយសក្តានុពលផងដែរ។

លោកបានលើកទឹកចិត្ត ឱ្យយុវជនកម្ពុជាប្រើប្រាស់ឱកាសដ៏មានតម្លៃនេះឱ្យអស់លទ្ធភាពក្នុងការឈ្វេងយល់ ពង្រីកចំណេះដឹង កសាងទំនាក់ទំនងល្អ ជាមួយមិត្តរួមដំណើរ និង បង្កើតបណ្ដាញទំនាក់ទំនងគ្រប់ជាតិសាសន៍ ដើម្បីពង្រឹងសមត្ថភាព បទពិសោធ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិនាពេលអនាគត។ ក្រៅពីនេះ ក៏ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថល្អ ដោយបង្ហាញពីភាពវិជ្ជមាន វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ភាពស្មោះត្រង់ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម និងលើកស្ទួយវប្បធម៌ដ៏ល្អរបស់ខ្មែរបង្ហាញ ដល់យុវជនបរទេសផងដែរ។ លោកបានក្រើនរំឭកថា ប្រតិភូយុវជនមិន មែនគ្រាន់តែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាទូតសុច្ឆន្ទៈឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបដិសណ្ឋារកិច្ច និងមោទនភាពវប្បធម៌។

លោកសង្ឃឹមយ៉ាងមុតមាំថា ប្រតិភូយុវជនទាំងអស់នឹងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យ ដោយបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីប្រតិភូយុវជននៃបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ហើយយកមកចែករំលែកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រើប្រាស់ សម្រាប់បម្រើការងារ និងមុខរបររៀងៗខ្លួននៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្ស ប្រកបដោយថាមពលក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ខាងមុខនេះ ប្រតិភូយុវជនតំបន់អាស៊ាន និងជប៉ុន នឹងរួមគ្នាផ្លាស់ប្ដូរមិត្តភាព វប្បធម៌ និងកិច្ចពិភាក្សាលើបញ្ហាសង្គម និងពិភពលោកតាមរបៀបវារៈផ្សេងៗ ដូចជា៖ ការទូតយុវជន ការអប់រំប្រកបដោយគុណភាព បម្រែបម្រួលបរិស្ថាន ទេសចរណ៍ និរន្តរភាពសេដ្ឋកិច្ច សុខមាលភាពសង្គម សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕

To Top