ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី សង្ឃឹមថាលទ្ធផលបោះឆ្នោត នៅអាមេរិក នឹងបង្កើតឱ្យមានជំនួយ បន្ថែមសម្រាប់អ៊ុយក្រែន

​បរទេស៖ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានមានប្រសាសន៍ថា លោកសង្ឃឹមថាការទទួលបានអាសនៈបន្ថែមរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងបង្កើតឱ្យមានជំនួយកាន់តែច្រើនសម្រាប់អ៊ុយក្រែន នៅក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេល ៤ឆ្នាំកន្លះ ជាមួយរុស្ស៊ី។
​លោក ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍ ZDF របស់អាល្លឺម៉ង់ថា លោកសង្ឃឹមថាការផ្លាស់ប្តូរ ដែលបណ្តាលមកពីការចូលគ្រប់គ្រងសភាទាំងពីរ (រដ្ឋសភា និងព្រឹទ្ធសភា) ដោយគណបក្សប្រជាធិបតេយ្យនៅឆ្នាំក្រោយ នឹងផ្តល់ផលប្រយោជន៍ដល់ទីក្រុងកៀវ (Kyiv) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​”ខ្ញុំក៏មានការដឹងគុណចំពោះគណបក្សសាធារណរដ្ឋផងដែរ ប៉ុន្តែគណបក្សប្រជាធិបតេយ្យនិយាយយ៉ាងច្បាស់អំពីការគាំទ្រ និងការផ្តល់ជំនួយដល់អ៊ុយក្រែន” នេះបើតាមការលើកឡើងរបស់លោក ហ្សេលេនស្គី នៅក្នុងមតិយោបល់ដែលត្រូវបានផ្តល់ជាភាសាអាល្លឺម៉ង់ដោយទូរទស្សន៍ ZDF មុនពេលបទសម្ភាសន៍នេះត្រូវបានចាក់ផ្សាយ។

​លោកបានបន្ថែមថា៖ “ពួកគេនិយាយអំពីការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប… ដូច្នេះហើយ ទើបមានក្តីសង្ឃឹមថា តុល្យភាពអំណាច មួយនឹងលេចចេញជារូបរាងឡើង ហើយថាយើងនឹងទទួល បានការគាំទ្រកាន់តែច្រើន។”

​លោក ហ្សេលេនស្គី បានបញ្ជាក់ថា ជំនួយបន្ថែមពីសហរដ្ឋអាមេរិកអាចមានឥទ្ធិពលលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ ទូរទស្សន៍ ZDF បានដកស្រង់សម្តីរបស់លោកដែលបានថ្លែងថា៖ “ប្រសិនបើសភាឥឡូវនេះនិយាយអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬជំនួយយោធាដ៏រឹងមាំ ដូចដែលអឺរ៉ុបកំពុងធ្វើ និងបង្ហាញនៅថ្ងៃនេះ នោះវានឹងក្លាយជារឿងវិជ្ជមានមួយដែលនឹងមានឥទ្ធិពលទៅលើលោក ពូទីន”។

​លោក ហ្សេលេនស្គី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រួលដល់ទំនាក់ទំនង ដែលមិនសូវរលូនជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាពិសេសបន្ទាប់ពីជំនួបនៅការិយាល័យ Oval កាលពីខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែនរូបនេះ ត្រូវបានចោទប្រកាន់ថា “មិនដឹងគុណ” ចំពោះជំនួយរបស់សហរដ្ឋអាមេរិក។

​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ត្រាំ បានធ្វើសកម្មភាពមួយចំនួនដែលផ្តល់ភាពអំណោយផលដល់ប្រទេសរុស្ស៊ី រួមទាំងកិច្ចព្រមព្រៀងនាំចូលប្រេងម៉ាស៊ូតរុស្ស៊ី និងការបន្ធូរបន្ថយទណ្ឌកម្មផងដែរ។ ប៉ុន្តែកិច្ចពិភាក្សាត្រីភាគីដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ជាមួយនឹងអ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងចាប់ផ្តើមឡើងវិញ​នៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការខកខានអស់រយៈពេលជាច្រើនខែមក។

ប្រែសម្រួល៖ គីរី

To Top