កម្ពុជានិងម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការអភិវឌ្ឍជំនាញ
ម៉ាឡេស៊ី៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការ គួរសមជាមួយលោក Datuk Haji Azman bin Mohd Yusof អគ្គលេខាធិការ នៃក្រសួងធនធានមនុស្សម៉ាឡេស៊ី (KESUMA) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធាន មនុស្សម៉ាឡេស៊ី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ការគាំពារពលករទេសន្តរប្រវេសន៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ ភាគីទាំងពីរក៏បានលើកឡើង ពីឱកាសផ្លាស់ប្ដូរបទពិសោធ និងជំនាញបច្ចេកទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្លាំង ពលកម្មអាស៊ានឱ្យមានជំនាញ និងធ្វើការប្រកបដោយសុវត្ថិភាព។

គួរជម្រាបថា ជំនួបនេះធ្វើឡើង ក្នុងឱកាសដែលលោកស្រី សុវណ្ណ វណ្ណារតន៍ ដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពីប្រព័ន្ធកត់ត្រា និងជូនដំណឹងអំពីគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ ដែលត្រូវបានសហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងធនធានមនុស្សម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕




