ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវ ពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត

ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ​ គ្រប់អាយុទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធិសម្រេចអនាគតប្រទេសជាតិ។

ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ឆ្នាំនេះ សម្តេច បានកូនស្រីម្នាក់ រៀននៅក្រៅប្រទេសគ្រប់អាយុបោះឆ្នោត ដែលធ្វើឱ្យ CPP ទទួលបាន១សន្លឹកឆ្នោតទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «គឺពាក់ព័ន្ធជាមួយនិងសិទ្ធិរបស់ប្រជាពលរដ្ឋ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ យើងបើកពីថ្ងៃទី៧ ខែតុលា ចប់ថ្ងៃទី៣០ អ៊ីចឹងអ្នកដែលគ្រប់អាយុ ១៨ឆ្នាំឡើង ដែលមិនទាន់ចុះឈ្មោះ សុំទៅចុះឈ្មោះ ព្រោះហ្នឹងជាសិទ្ធិរបស់យើង សិទ្ធិរបស់យើងគ្រប់គ្នា»។

សម្ដេចធិបតី បន្ដថា ការចុះឈ្មោះបោះឆ្នោត គឺដើម្បីបំពេញកាតព្វកិច្ច ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ គឺរើសសំខាន់ណាស់ គឺរើសអ្នកនៅក្បែរ។

សម្ដេច ថា «ឥឡូវមានទុក្ខមានអី ពីណាភូមិមុនគេ? គឺមេឃុំហ្នឹងហើយ ចៅសង្កាត់ហ្នឹង ត្រូវទេ? ទាំងយប់ទាំងព្រលប់ គឺគាត់នៅក្នុងភូមិ អ៊ីចឹងរើសឲ្យត្រូវ។ អ៊ីចឹងខ្ញុំគិតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ៊ំ ពូមីង បងប្អូន អាចឃើញហើយថា ពេលដែលលំបាក ពេលដែលវាយគ្នា ពេលដែលទឹកជំនន់ ពេលអី ឃើញមេឃុំ ឃើញចៅសង្កាត់ដែលខំបម្រើប្រជាពលរដ្ឋ អ៊ីចឹង ហ្នឹងហើយ គឺលទ្ធផលនៃការជ្រើសរើស គ្រួសារត្រូវ ជ្រើសរើសប្តីប្រពន្ធត្រូវ របស់អ៊ំ ពូមីង មានន័យថា ជ្រើសរើសមន្ត្រី មេឃុំ ក្រុមប្រឹក្សាឃុំ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យទាន់ពេលវេលា»។

សម្ដេចធិបតី បន្ថែមថា ប្រជាពលរដ្ឋខ្លះ អាចទៅពិនិត្យមើលឈ្មោះឡើងវិញ អ្នកប្តូរអាសយដ្ឋាន អាចសុំប្តូរ ដោយសារនៅសល់តែ ២៥ថ្ងៃទៀតទេ ហើយចុះឈ្មោះឆ្នាំនេះ សំខាន់ជាងឆ្នាំទៅ ដោយសារជាឆ្នាំចុងក្រោយ ដែលត្រូវចុះឈ្មោះមុនបោះឆ្នោតឃុំសង្កាត់ ដើម្បីបានសិទ្ធិ៕

To Top