ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បើសិនជាលោក សម រង្ស៊ី មិនបាននិយាយប្រាប់សារព័ត៌មានថៃថា កងទ័ពកម្ពុជាមិនបានបាញ់ទៅភាគីថៃមុន ហេតុអ្វីមិនឱ្យសារព័ត៌មានថៃនោះកែតម្រូវទៅ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា លោក សម រង្ស៊ីដែលជាអ្នកនយោបាយចាស់វស្សាម្នាក់តែងតែចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងកងទ័ពថា មិនចេះប្រយុទ្ធតតាំងនោះ បែរជាទៅនិយាយប្រាប់សារព័ត៌មានថៃថា កងទ័ពកម្ពុជាជាអ្នកបើកការបាញ់ប្រហារទៅភាគីថៃមុនទៅវិញ ប៉ុន្តែបន្ទាប់មកទៀតអ្នកនយោបាយចាស់វស្សារូបនេះ ក៏បានគ្រលាស់សម្តីវិញថា ខ្លួនមិនបាននិយាយនោះទេ ។
ចំពោះចំណុចនេះ សម្តេចធិបតីលើកជាចម្ងល់ថា បើមិនបាននិយាយប្រាប់សារព័ត៌មានថៃនោះទេ ចុះហេតុអ្វីមិនទៅប្តឹងឱ្យសារព័ត៌មានថៃនោះកែតម្រូវវិញទៅ ឬមួយក៏ខ្លាចអ្នកព័ត៌មានថៃបញ្ចេញឯកសារពិតចំពោះពាក្យសម្តីរបស់លោកទេដឹង?។
នាយករដ្ឋមន្រ្តីបញ្ជាក់ថា “លោកសម រង្ស៊ីដែលថាគេបង្កើត… ហេតុអ្វីមិនសរសេរទៅអ្នកកាសែតនោះតែម្តងទៅ ។ ចឹងសរសេរទៅលោកហ្នឹងទៅថា ខ្ញុំសម រង្ស៊ីមិនបាននិយាយប្រាប់អ្នកឯងថា ខ្មែរបាញ់មុនទេ សូមអ្នកឯងចេញមកកែភ្លាម។ សរសរប៉ុន្នឹងបានគឺបញ្ជាក់ពីការស្មោះត្រង់ហើយ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃ Top News បានដកស្រង់សម្តីរបស់លោក Nantiwat Samart អតីតអនុប្រធានទីភ្នាក់ងារស៊ើបការណ៍ជាតិថៃ ដោយអះអាងថា លោក សម រង្ស៊ី បាននិយាយថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារមុន៕
