វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានស្តីបន្ទោសអ្នកស្នងតំណែង លោក ដូណាល់ ត្រាំ ដែលព្យាយាម លើកកម្ពស់អារម្មណ៍ប្រឆាំងនឹងអាស៊ី ដោយប្រើភាសា ប្រកាន់ជាតិសាសន៍ “ជំងឺ Kung Flu ” ដើម្បីលើកយកវីរុសកូវីដ-១៩ ក្នុងកំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត។
តាមសេចក្តីរាយការណ៍ របស់លោក អូបាម៉ា បានលើកឡើងថា“ ខ្ញុំមិនចង់បានប្រទេសមួយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងព្យាយាមលើកស្ទួយ មនោគមន៍វិជ្ជាប្រឆាំងអាស៊ី ហើយគិតថា វាគួរឱ្យអស់សំណើចនោះទេ។ ខ្ញុំមិនចង់បាននោះទេ។
យ៉ាងហោចណាស់លោក ត្រាំ បានប្រើពាក្យ រើសអើងជាតិសាសន៍ពីរដងក្នុងខែនេះ ជាលើកដំបូងនៅឯការជួបជុំ Tulsa របស់លោក ហើយក្រោយមក នៅឯការជួបជុំយុវជន នៅរដ្ឋអារីហ្សូណា។
មនុស្សមួយចំនួនបានព្រមានថា វោហារសាស្រ្តពីលោក ត្រាំ និងមន្ត្រីដទៃទៀត ស្តីបន្ទោសប្រទេសចិន ចំពោះការរីករាលដាលនៃជំងឺនេះ បាននាំឱ្យមានការកើនឡើងនៃការយាយី និងការធ្វើបាបជនជាតិអាមេរិក ដើមកំណើតអាស៊ី៕ ដោយ៖ ឈូក បូរ៉ា