ព័ត៌មានអន្តរជាតិ

ប្រធានាធីបតី វ៉េណេស៊ុយអេឡា បណ្តេញប្រេសិត របស់អឺរ៉ុបចេញពីប្រទេស ក្នុងរយៈពេល ៧២ម៉ោង

បរទេស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឱ្យប្រេសិត សហភាពអឺរ៉ុបលោក Isabel Brilhante Pedrosato ចាកចេញក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើក្រុម នៃមន្រ្តីរបស់វេណេស៊ុយអេឡា ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកម៉ាឌូរ៉ូ បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា « ខ្ញុំបានសំរេចចិត្តទុកពេល ឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ៧២ ម៉ោងដើម្បីចាកចេញពីប្រទេស» ។ ដោយកត់សម្គាល់ថាលោក Pedrosato នឹងត្រូវបានអនុញ្ញាតឱ្យប្រើយន្តហោះ ដើម្បីចាកចេញពីប្រទេស។

លោកម៉ាឌូរ៉ូបានបន្ថែមថា « ការធ្វើអាណានិគមអឺរ៉ុប គ្រប់គ្រាន់ប្រឆាំង នឹងវ៉េណេស៊ុយអេឡា» ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា បទបញ្ជារបស់លោកម៉ាឌូរ៉ូ គឺបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប្រឹក្សា សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ បានដាក់ទណ្ឌកម្មលើមន្រ្តី វេណេស៊ុយអេឡាចំនួន ១១ រូបទៀត រួមមានសមាជិកសភា ចៅក្រមនិងជាមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ សម្រាប់ធ្វើសកម្មភាពប្រឆាំង នឹងរដ្ឋសភា ដែលត្រួតត្រាដោយក្រុមប្រឆាំង។ បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម ត្រូវបានទទួលស្គាល់ ដោយរដ្ឋាភិបាលម៉ាឌូរ៉ូ ប៉ុន្តែមិនមែនដោយសមាជិកនៃសភានោះទេ។

ការដាក់ទណ្ឌកម្មរួមមានការហាមឃាត់ ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ។ រហូតមកដល់ពេលនេះ មន្រ្តីវេណេស៊ុយអេឡា ៣៦ នាក់ដែលជាប់ទាក់ទងនឹង រដ្ឋាភិបាលម៉ាឌូរ៉ូ ប្រឈមនឹងការដាក់ទណ្ឌកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top