បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីតាលី កំពុងតែពិចារណារកចំណាត់ការ ដើម្បីជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មរថយន្តនិងទេសចរណ៍ ដែលវិស័យទាំងពីរនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ពីការរាតត្បាតឆ្លងមរោគកូរ៉ូណា។
ថ្លែងប្រាក់សន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើងដោយសហជីពជំនួញ UIL លោក Giuseppe Conte បានមានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវកំណត់ឡើងជាថ្មី នូវការលើកទឹកចិត្តផ្នែកពន្ធ ក្នុងដំណើរគំាទ្រដល់ការវិនិយោគឌីជីថលនាពេលអនាគត ហើយលោកបន្ថែមថា “យើងត្រូវតែគាំទ្រឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងបំផុត ដូចជាវិស័យឧស្សាហកម្មរថយន្ត និងវិស័យទេសចរណ៍ជាដើម”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមការងារ លើកំណែទម្រង់ពន្ធដ៏ទូលំទូលាយមួយ ចាប់ពីសប្ដាហ៍ក្រោយទៅ ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង