បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចរាល់ជាស្រេច សម្រាប់កិច្ចពិភាក្សាគ្នាបន្ថែមទៀត ជាមួយទីក្រុងព្យុងយ៉ាង ប៉ុន្តែលោកបានបដិសេធចោល សេចក្តីរាយការណ៍ ដែលថា លោកកំពុងស្វះស្វែង ជួបជាមួយមន្ត្រីកូរ៉េខាងជើង នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទីក្រុងសេអ៊ូល។
លោក Stephen Biegun ដែលដើរតួជាបុរសសំខាន់ ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិក នៅតែផ្តោតលើបញ្ហានានា ដែលធ្លាប់បានលើកឡើង នៅក្នុងអំឡុងជំនួបកំពូល រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលរួមមានទាំងការបង្កើត សន្តិភាពយូរអង្វែង និងការលុបបំបាត់ចោល អាវុធនុយក្លេអ៊ែលើឧបទ្វីបកូរ៉េ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយជួបជាមួយជួបគ្នា ជាមួយប្រេសិតនុយក្លេអ៊ែជាន់ខ្ពស់ របស់កូរ៉េខាងត្បូង លោក Lee Do-hoon នោះ លោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅពេលដែលលោកប្រធាន គីម តែងតាំងសមភាគីរបស់ខ្ញុំ ដែលត្រៀមរៀបចំ និងមានសិទ្ធិចរចា លើបញ្ហាទាំងនេះ ពួកគេនឹងឃើញថា យើងបានត្រៀមខ្លួនជាស្រេច នៅក្នុងពេលបច្ចុប្បន្ននេះ”៕ ប្រែសម្រួល៖ប៉ាង កុង