បរទេស៖ សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាជម្រើស ដោះស្រាយជាមួយប្រទេសចិន ជុំវិញសកម្មភាពថ្មីៗនេះ របស់ទីក្រុងប៉េកាំងនៅហុងកុង នេះបើតាមសេចក្តីរាយការណ៍ មួយពីកាសែត Wall Street Journal ស្របពេលមានភាពតាន តឹងរវាងមហាអំណាចទាំង ពីរកំពុងតែក្តៅកាន់តែខ្លាំង។
យោងតាមសេចក្តីរាយការណ៍ ដែលលើកឡើងពីមន្ត្រី សហរដ្ឋអាមេរិកនិងអ្នកវិភាគ បានឲ្យដឹងថា វិធានការរបស់ចិន លើប្រព័ន្ធហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង បង្កហានិភ័យប៉ះពាល់ ដល់ក្រុមហ៊ុនសហរដ្ឋអាមេរិក ក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនហុងកុង ព្រមទាំងអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មន្ត្រីរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការហុងកុង នៅក្នុងកិច្ចប្រជុំសេតវិមាន នេះតាមសម្តីមនុស្សដែលដឹង ពីការប្រជុំនោះប្រាប់ដល់កាសែត Wall Street Journal ហើយមន្ត្រីទាំងនោះ នឹងប្រជុំគ្នាជាថ្មីនៅដើមសប្ដាហ៍នេះទៀត ដែលអាចនឹងប្រកាសទណ្ឌកម្ម ឬក៏វិធានការផ្សេងទៀត ៕
ប្រែសម្រួល៖ ប៉ាង កុង