ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនភីង ផ្តល់អនុសាសន៍សំខាន់ ចំពោះការងារបង្ការទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ

កាលពីថ្ងៃទី‌១២ ខែកក្កដា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្ត ប្រធានរដ្ឋ និងជាប្រធានគណកម្មាធិការ យោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ ចំពោះការអនុវត្តការងារបង្ការទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ ឱ្យបានល្អថែមទៀត ។

លោក ស៊ី ជីនភីង បានថ្លែងថា ពេលកន្លងទៅថ្មីៗនេះ ទន្លេយ៉ង់សេ ទន្លេហ្វាយហឺ បឹងតុងធីង បឹងផូយ៉ាង និងបឹងថៃហ៊ូ ជាដើម សុទ្ធតែមានកម្ពស់ទឹក ឡើងដល់កម្រិត ប្រកាសអាសន្ន ក្រុង Chongqing ខេត្ត Jiangxi ខេត្ត Anhui ខេត្ត Hubei ខេត្ត Hunan ខេត្ត Jiangsu និងខេត្ត Zhejiang ជាដើម សុទ្ធតែកើតមានគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លាប់រងរបួស និងខូចខាតទ្រព្យសម្បត្តិ សភាពការណ៍ទប់ទល់ គ្រោះមហន្តរាយនាពេល បច្ចុប្បន្ន គឺតឹងតែងណាស់ ។

លោក ស៊ី ជីនភីង សង្កត់ធ្ងន់ថា បច្ចុប្បន្នបានឈានចូល រយៈកាលគន្លឹះ នៃការបង្ការគ្រោះទឹកជំនន់ គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវទទួលខុសត្រូវ ហ៊ានរ៉ាប់រងភារកិច្ចកម្មាភិបាល គ្រប់ជាន់ថ្នាក់ ត្រូវទៅកាន់ជួរមុខធ្វើការណែនាំ ចាត់ចែងការជម្លៀសប្រជាជន ចាត់វិធានការកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លា ធ្វើការងារគ្រប់ផ្នែកឱ្យបានល្អ ដូចជា ការត្រួតពិនិត្យផ្តល់សញ្ញាព្រមាន ត្រួតពិនិត្យទំនប់ទឹក ដោះស្រាយហេតុការណ៍បន្ទាន់ ចាត់ចែងប្រជាជនរងគ្រោះជាដើម ខិតខំពេញទំហឹង ដើម្បីជួយសង្គ្រោះ គ្រោះមហន្តរាយ និងការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ។ បញ្ជាការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងគ្រប់គ្រគ្រោះអាសន្ន ក្រសួងធារាសាស្ត្រជាដើម ត្រូវតែបង្កើន ការសម្របសម្រួល ចាត់ចែងការងារតាមបែបវិទ្យាសាស្ត្រ នូវកម្លាំង និងសម្ភារៈជួយសង្គ្រោះ ។ កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលីស នៅក្នុងតំបន់ ត្រូវសកម្មចូលរួមការងារជួយសង្គ្រោះ ។

លោក ស៊ី ជីនភីង លើកឡើងទៀតថា ខណៈពេលធ្វើការងារបង្ការ គ្រោះទឹកជំនន់ និងជួយសង្គ្រោះឱ្យបានល្អតំបន់នានា និងក្រសួងស្ថាប័ន គ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំរៀបចំ ការងារស្តារឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយ រៀបចំសណ្តាប់ធ្នាប់ ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ឡើងវិញឱ្យបានឆាប់ ។ ត្រូវតែធ្វើការងារជួយសង្គ្រោះ ប្រជាជនរងគ្រោះ និងប្រជាជនជួបការលំបាក បង្ការកុំឱ្យកើតមានភាពក្រីក្រ ដោយសារគ្រោះមហន្តរាយ ឬវិលទៅរកភាពក្រីក្រវិញ ដោយសារគ្រោះមហន្តរាយ ។

គួរឱ្យរំលឹកថា កាលពីខែមិថុនា លោក ស៊ី ជីនភីង ក៏បានផ្តល់អនុសាសន៍សំខាន់ ចំពោះការងារជួយសង្គ្រោះ គ្រោះមហន្តរាយដែរ ។ លោកបាន លើកឡើងថា តំបន់នានានិង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់ការតម្កល់ប្រជាជន និងអាយុជីវិតជាសំខាន់ ៕

To Top