Covid-19

ត្រឹម ២៤ម៉ោងចុងក្រោយនេះ អាមេរិក មានអ្នកឆ្លងមេរោគកូវីដ១៩ ជិត ៦ម៉ឺននាក់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ​ បានកត់ត្រាចំនួន ៥២.២២២ ករណីឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបាន នាំអោយមានករណីឆ្លង របស់មេរោគកូវីដ១៩ មានចំនួនជាង ៣,៣៦លានករណី។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ចំនួន ៤១១ នាក់ផ្សេងទៀតត្រូវបាន រាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដែលនាំឱ្យ ចំនួនអ្នកស្លាប់សរុបដល់ ១៣៥.៥៨២ នាក់នៅក្នុងប្រទេស។

ការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណា បានជំរុញឱ្យរដ្ឋមួយចំនួនចាត់វិធានការ ប្រឆាំងនឹងការរាលដាល កាន់តែខ្លាំងឡើង។

អ្នកជំនាញផ្នែកជំងឺឆ្លងកំពូល របស់សហរដ្ឋអាមេរិកលោក Anthony Fauci បាននិយាយកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកកំពុងតែ មានការកើនឡើងនៃការឆ្លងជំងឺ ដោយសារប្រទេសនេះ មិនដែលបិទទាំងស្រុង។

លោក Fauci បាននិយាយទៀតថា សហរដ្ឋអាមេរិកមិនទាន់ ចាប់ផ្តើមឃើញទីបញ្ចប់នៃការរាតត្បាតជំងឺនៅឡើយទេ ខណៈដែលអ្នកវិទ្យាសាស្ត្រ នៅតែបន្តធ្វើការលើផលិតថ្នាំ ដែលមានសក្តានុពល និងវ៉ាក់សាំងសម្រាប់វីរុស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top