ព័ត៌មានអន្តរជាតិ

ផ្កាយរណបយោធាដំបូងគេ របស់កូរ៉េខាងត្បូង ឈានដល់គន្លងគោចរ ដោយជោគជ័យ

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងថា ផ្កាយរណបគមនាគមន៍យោធាដំបូង របស់កូរ៉េខាងត្បូង បានឈានដល់ទីតាំងចុងក្រោយរបស់ខ្លួន ដោយជោគជ័យ នៅក្នុងគន្លងភូមិសាស្ត្រ នៅថ្ងៃសុក្រនេះ ១០ ថ្ងៃបន្ទាប់ពីបាញ់ចេញពីទីតាំង។

ផ្កាយរណប Anasis-II បានបាញ់បង្ហោះ កាលពីសប្តាហ៍មុនពីរដ្ឋផ្លរីដា នៅលើកំពូលរ៉ុក្កែត Falcon 9 Block 5 ផលិតដោយក្រុមហ៊ុន អវកាសពាណិជ្ជកម្មអាមេរិក SpaceX បានទៅដល់ទីតាំង នៅលើគន្លងថេរ ចម្ងាយប្រហែល ៣៦.០០០ គីឡូម៉ែត្រ ពីលើផែនដីនៅម៉ោង ៧ និង ១១ នាទីព្រឹក (ម៉ោងនៅកូរ៉េ) ។

ទីភ្នាក់ងារនោះបានឲ្យដឹងថា យោធាកូរ៉េខាងត្បូង នឹងកាន់កាប់ប្រព័ន្ធនេះ នៅខែតុលា បន្ទាប់ពីក្រុមហ៊ុន ផលិតផ្កាយរណប Airbus Defense និងអវកាសសាកល្បងមុខងារ និងប្រតិបត្តិការរបស់វា រួចរាល់ហើយនោះ៕ ដោយ ៖ ឈូក បូរ៉ា

To Top