ព័ត៌មានជាតិ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងអំណរគុណដល់អូស្រ្តាលី ជួយជ្រោមជ្រែង គ្រប់កាលៈទេសៈ

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជួយជ្រោមជ្រែង ដល់ប្រទេសកម្ពុជា គ្រប់កាលៈទេសៈ។

ក្នុងជំនួបពិភាក្សាការងារជាមួយ Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ជា ចាន់តូ បានសម្តែងការស្វាគមន៍និងបានជម្រាបជូនអំពីប្រវត្តិនិងការរីកចម្រើនរបស់កម្ពុជា រួមទាំងនៅក្នុងវិស័យធនាគារ ហើយបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីដើមរៀងមក ដោយចាប់ផ្តើមចេញពីអង្គការមនុស្សធម៌ រហូតដល់ការចូលរួម ក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ផ្សេងៗជាច្រើន។ បើតាមហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា។

លោកទេសាភិបាល បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលអូស្រ្តាលី ក៏បានជួយរួមចំណែកក្របខ័ណ្ឌគតិយុត្តិ នៅក្នុងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជួយពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ នៅកម្ពុជាផងដែរ។ “ស្ថិតក្នុងបរិការណ៍នៃការរីករាលដាល ជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានទទួលរងផលប៉ះពាល់ ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយធនាគារកណ្តាល បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីជំងឺកូវីដ១៩”។

លោកទេសាភិបាល ក៏បានជម្រាបជូនពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា ដែលដុល្លារូបនីយកម្មនេះ បានកើតមានឡើងចាប់តាំងពី អាជ្ញាធរអន្តរកាលសហប្រជាជាតិ នៅកម្ពុជា (UNTAC) ដែលបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក្នុងទីផ្សារសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ធនាគារជាតិនៃកម្ពុជា មានគោលជំហរក្នុងការលើកកម្ពស់ប្រាក់រៀល តាមរយៈយន្តការទីផ្សារ និងមិនមានការប្រើយន្តការរដ្ឋបាល ក្នុងការធ្វើបដិដុល្លារូបនីយកម្មនោះទេ។

លោកទេសាភិបាល ក៏បានអញ្ជើញ លោកទូត ធ្វើការទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដែលបានបង្ហាញពីប្រវត្តិកម្ពុជា ក៏ដូចជាការវិវត្តរបស់វិស័យធនាគារ និងរូបិយវត្ថុនៅកម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។

លោក Pablo Kang ក៏បានលើកឡើងពី ទំនាក់ទំនងល្អ រវាងកម្ពុជានិងអូស្រ្តាលី ព្រមទាំងបានគាំទ្រនូវអ្វីដែល លោកទេសាភិបាល បានលើកឡើងទាក់ទងនឹង តួនាទីរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យធនាគារ នៅកម្ពុជា។

លោកទូត បានរំលេចផងដែរថាក្នុងការកាត់បន្ថយផលប៉ះពាល់ ពីជំងឺកូវីដ១៩ អូស្ត្រាលីបានខិតខំប្រឹងប្រែងរួមចំណែក យ៉ាងសកម្មដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាកាត់បន្ថយការឆ្លងជំងឺនេះផងដែរ។ ជាមួយគ្នានេះដែរ អូស្រ្តាលី បានជួយ ក្នុងការបង្កើតមូលដ្ឋានទិន្នន័យ អត្តសញ្ញាណប្រជាជនក្រីក្រនៅកម្ពុជា ហើយបច្ចុប្បន្ន កំពុងបន្តគាំទ្រការងារបន្ថែមទៀត ដើម្បីចូលរួមជួយគាំទ្រវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភនានា ដល់ប្រជាជនក្រីក្រ។ រាជរដ្ឋាភិបាលអូស្ត្រាលី នឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបង្កើនវិសាលភាពការងារ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

To Top