ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តាំផ្ញើនាយទាហាន កងពលតូចថ្មើរជើង លេខ៥១ យោធភូមិភាគទី៥ ការពារជាតិ សាសនា និងព្រះមហាក្សត្រ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងពលតូចថ្មើរជើង លេខ៥១ យោធភូមិភាគទី៥, ខេត្តបន្ទាយមានជ័យ, ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ បានផ្តាំផ្ញើ កាតព្វកិច្ចចំពោះមុខ គឺការពារជាតិ សាសនា និងព្រះមហាក្សត្រ។

លោកឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា «រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក»។« គោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈទូទៅ និងបទវិន័យទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។»។

លោក សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានយកចិត្តទុកដាក់បំពេញ គ្រប់ភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដោយសម្រេចបាននូវ ការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ជាអំណោយផលដល់ការអនុវត្តភារកិច្ចស្នូល របស់អង្គភាព ក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ ធានាបាននូវប្រៀបការពារជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព បង្កលក្ខណៈដល់ដំណើរការកសាង និងអភិវឌ្ឍជាតិ ។ ហើយសូមខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តនិរន្តរភាព និងជំរុញសក្តានុពលឱ្យកាន់តែខ្លាំងក្លាឡើង ដោយរួមសហការជាមួយ នឹងបណ្តាកងឯកភាពផ្សេងៗទៀត ចំណុះយោធភូមិភាគទី៥ ឈានទៅសម្រេចជោគជ័យ កាន់តែប្រសើរឡើង ក្នុងភារកិច្ចការពារជាតិ។

លោកមេបញ្ជាការទ័ពជើងគោក បន្ថែមថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ យោធិនគ្រប់ថ្នាក់ និងគ្រប់តួនាទី គឺមានភារកិច្ច និងកាតព្វកិច្ចនៅក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ។ ដើម្បីសម្រេចភារកិច្ចនេះ ទាមទារឱ្យអង្គភាពខ្លាំង ដើម្បីអង្គភាពខ្លាំង សំខាន់បំផុត អង្គភាពត្រូវតែជាធ្លុង នៃសាមគ្គីភាពមួយ ។ ធ្លុងនៃសាមគ្គីភាព អាចកើតមាន គឺអាស្រ័យលើមេបញ្ជាការ និងនាយសេនាធិការដែលជាក្បាលម៉ាស៊ីនដឹកនាំ។ ដូច្នេះ ការពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង គឺជាកិច្ចការសំខាន់សម្រាប់មេបញ្ជាការ និងនាយសេនាធិការ ដែលទទួលបានការតែងតាំងថ្មី និងដែលត្រូវបានជ្រើសរើសតាមការវាយតម្លៃផ្អែកលើលក្ខណៈសម្បត្តិបុគ្គល ជាមួយនឹងកត្តាតុល្យភាពនៃការដឹកនាំ និងប្រសិទ្ធភាពរបស់អង្គភាពទៅមុខ ដើម្បីធានានូវនិរន្តរភាព។ យ៉ាងណាក៏ដោយ យោធិនគ្រប់រូបក៏ សុទ្ធតែមានតួនាទីសំខាន់ នៅក្នុងការជំរុញអង្គភាព ដោយម្នាក់ៗមានតម្លៃស្មើគ្នា នៅក្នុងការចូលរួមអនុវត្ត កិច្ចការរបស់អង្គភាព។ ដូច្នេះ ការរក្សាបាននូវសាមគ្គីឯកភាពផ្ទៃក្នុងល្អ ក៏ត្រូវមានការចូលរួមសកម្ម និងប្រកបដោយការទទួលខុសត្រូវ របស់យោធិនយើងម្នាក់ៗផងដែរ។

លោក លើកឡើងទៀតថា ដើម្បីធានាបាននូវភាពសកម្មចូលរួម របស់យោធិនក្រោមបង្គាប់ មេបញ្ជាការ និងនាយសេនាធិការ ត្រូវកំណត់គោលការណ៍ឱ្យច្បាស់លាស់ថា ការដឹកនាំ គឺជាការដឹកនាំរួមដោយផ្អែកលើមូលដ្ឋាន នៃផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែក ភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗ ត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅ និងគោលបំណងរួម គឺពង្រឹងអង្គភាពដើម្បីការពារជាតិ ការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។

មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់ជាចាំបាច់ លើការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ។ នេះ គឺជាកិច្ចការ ដែលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីធានាបាននូវភាពនឹងនរនៃស្មារតីប្តេជ្ញាចិត្តរបស់កងទ័ពរបស់យើង នៅក្នុងការការពារសុខសន្តិភាព ចៀសវាងការលង់ជឿលើឧបាយកលកៀរគរ និងបំភ័ន្តអូសទាញផ្សេង បើយើងមិនប្រុងប្រយ័ត្ន។

លោក ស្នើផងដែរថា ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងកម្លាំង ឱ្យបានល្អ និងប្រើប្រាស់ធនធានមនុស្សដោយប្រសិទ្ធភាព។ ត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដោយគោរពឲ្យបានខ្ជាប់ខ្ជួន និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។ ត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំ រៀបចំទុកដាក់ ជួសជុល ថែបំប៉នបច្ចេកទេសអាវុធ យុទ្ធភណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ធានាបានសុវត្ថិភាព និងលក្ខការណ៍បច្ចេកទេស ។
អ្វីដែលសំខាន់ដែរនោះ គឺត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាកិច្ចសហការល្អជាមួយភាគីមិត្ត នៅក្នុងការថែរក្សាស្ថិរភាព នៅតាមបណ្តោយព្រំដែន និងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព ។ ជាពិសេសក្នុងសម័យកាលជំងឺកូវីដ-១៩នេះ ត្រូវយកចិត្តទុកដាក់ចាត់វិធានការផ្សេងៗ ដើម្បីការពារការឆ្លងរាលដាល នៅក្នុងអង្គភាព ក៏ដូចជាដើម្បីជួយទប់ស្កាត់ការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋយើង។យកចិត្តទុកដាក់ ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងចូលរួម ជួយបង្កបង្កើនផលដល់ ប្រជាពលរដ្ឋដែលនៅជិតទីតាំង ឈរជើងរបស់ខ្លួន ៕

To Top