ព័ត៌មានអន្តរជាតិ

ចិនចោទអាមេរិក ពីបទរើសអើងពូជសាសន៍ ជុំវិញការដកហូតទិដ្ឋាការ

បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងរើសអើងពូជសាសន៍ និងបាននិយាយថា ខ្លួនសូមរក្សាសិទ្ធិសម្រាប់ប្រតិកម្មតបវិញ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប គឺលោក Zhao Lijian បាននិយាយប្រាប់ដល់សន្និសីទ កាសែតប្រចាំថ្ងៃមួយ នៅក្នុងទីក្រុងប៉េកាំងថា ទង្វើសហរដ្ឋអាមេរិក ដែលបានប្រកាសឡើង នៅថ្ងៃពុធសប្ដាហ៍នេះ គឺជាការបំពានមួយលើ សិទ្ធិមនុស្សរបស់ពួកនិស្សិត។

គួរបញ្ជាក់ថា ប្រទេសចិនបានធ្វើការ ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរើសអើងពូជសាសន៍នេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃពុធថា ខ្លួនបានដកហូតទិដ្ឋាការនិស្សិត និងអ្នកស្រាវជ្រាវចិនជាង ១.០០០នាក់ ដែលខ្លួនចាត់ទុកថា ជាហានិភ័យដល់សន្តិសុខ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top