ភ្នំពេញ៖ សមាគមគ្រប់គ្រងសត្វដំរី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការដោះលែងសត្វដំរី ចំនួន៥ក្បាល ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយបានដឹកជញ្ជូនតាមរថយន្ត ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅក្នុងភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូន ចេញពីតំបន់ រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ កិច្ចការងារទាំងនេះ ធ្វើឡើងដោយសមាគម គ្រប់គ្រងសត្វដំរី បានសហការ ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យសត្វដំរីទាំង៥ក្បាលនោះ មានជីវិតរស់ នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្ស សត្វដំរីទាំងនោះផងដែរ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញ ដឹកជញ្ជូនតាមរថយន្ត ចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃទី១៥នេះដែរ សត្វដំរីចំនួន៣ក្បាលទៀត ក៏បានដឹកជញ្ជូន ទៅកាន់កន្លែងរស់នៅថ្មី ក្នុងព្រៃសហគមន៍បុស្សធំនោះដែរ ។
ក្នុងខ្លឹមសារ នៃសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែវិច្ឆិកា ការងារនេះធ្វើឡើង ដើម្បីលើកកម្ពស់ជីវិត នៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗ ចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់ សកម្មភាពអាជីវកម្ម ក្នុងការយកសត្វដំរី មកផ្តល់ជាសេវា ដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត នៅដើមឆ្នាំ២០២០តទៅ៕