ភ្នំពេញ៖ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ប្រកាសបដិសេធចំពោះលិខិតចំហ ជូនគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះគឺជាលិខិតក្លែងក្លាយ ដែលប្រឌិតឡើងដោយពួកអគតិ ក្នុងគោលបំណងបំភាន់មតិជាតិ-អន្តរជាតិ និងសាធារណជន ឲ្យមានការយល់ច្រឡំ និងបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់។
ទន្ទឹមគ្នានេះ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ជនប្រព្រឹត្តបទល្មើស យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ចំពោះសកម្មភាពខ្មៅកខ្វក់ ប្រកបដោយឧបាយកល ញុះញង់បែបថ្មី ដ៏ពិសពុល ដែលមិនអាចទទួលយកបានជាដាច់ខាត។
សេចក្តីប្រកាសបដិសេធ របស់គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានបញ្ជាក់ថា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង គ្រប់ជាន់ថ្នាក់ ប្រកាន់ខ្ជាប់លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងខ្ជាប់ខ្ជួន និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងជួរសមាជិក សមាជិកាគណបក្ស ក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕