ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានបដិសេធការចោទប្រកាន់ផ្នែកបរិស្ថានរបស់ក្រសួង ការបរទេសសហរដ្ឋអាមេរិកដោយនិយាយថា នេះគឺជាការប្រឆាំងនឹងប្រទេសចិន មួយទៀត ដែលធ្វើដោយសហរដ្ឋអាមេរិក ចេញពីគោលបំណងនយោបាយ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ សហរដ្ឋអាមេរិក ចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ ការជួញដូរសត្វព្រៃ និងការទុកដាក់សំរាមតាមសមុទ្រអ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា អ្វីដែលគេហៅថា “សន្លឹកការពិត” គឺគ្មានអ្វីក្រៅពីបញ្ជីនៃការភូតកុហកនោះទេ។
លោកបញ្ជាក់ថា សមិទ្ធិផលរបស់ចិន ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុត្រូវបានគេទទួលស្គាល់ជាទូទៅ។ លោកថានៅចុងឆ្នាំ ២០១៩ ការបំភាយឧស្ម័នកាបូនិកក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានកាត់បន្ថយ ៤៨,១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ហើយចំណែកនៃឥន្ធនៈមិនមែនផូស៊ីល បានឈានដល់ ១៥,៣ ភាគរយ ដោយបំពេញគោលដៅសកម្មភាពអាកាសធាតុ ឆ្នាំ២០២០ របស់ខ្លួនមុនពេលកំណត់៕ដោយ ឈូក បូរ៉ា