វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់នៅទីនោះ។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើឱ្យប្រកាស បញ្ចប់សង្គ្រាមកូរ៉េ ជាមធ្យោបាយមួយដើម្បីនាំកូរ៉េខាងជើង ត្រឡប់ទៅតុពិភាក្សាវិញជុំវិញ ដំណើរការដកហូតនុយក្លេអ៊ែររបស់ខ្លួន។
នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច ៣ប្រទេសរបស់លោក ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមនាយកដ្ឋានរដ្ឋ។
គួរបញ្ជាក់ថា ដំបូងលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ជាកន្លែងដែលលោកនឹងជួបជាមួយសមភាគីរបស់លោកមកពីអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅក្នុងវេទិកាបួនផ្លូវ ដែលគេស្គាល់ថា Quad៕
ដោយ ឈូក បូរ៉ា