នយោបាយ

Hot News: ប្រមុខរាជរដ្ឋាភិបាលរំពឹងថា ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងសម្រេចជោគជ័យ ក្នុងរយៈពេលខ្លី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្ដីរំពឹងថា ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិនដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នឹងសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។

ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា”សូមផ្ដាំទៅអ្នក ឯង ហ៊ុន សែន មិនមែនត្រឹមទាញ អ្នកវិនិយោគមកត្រឹមប៉ុណ្ណឹងទេ ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ខាងមុខ ការចរចាកិច្ចព្រមព្រៀងសេរី រវាងកម្ពុជា-ចិន នឹងចាប់ដំណើរការ នឹងសម្រេចជោគជ័យ ក្នុងរយៈពេលខ្លី”។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្ម ចំពោះក្រុមប្រឆាំង ដែលរិះគន់រាជរដ្ឋាភិបាល បើកឱកាសឲ្យចិន មកវិនិយោគយ៉ាងច្រើនកុះករ នៅស្រុកខ្មែរថា “ខ្ញុំសូមបញ្ជាក់ នៅប្រទេសដទៃChina Town មានគ្រប់កន្លែងកម្ពុជា អត់ទាន់មានChina Townទេ។ ទៅសួរអាមេរិកតើChina Town នៅអាមេរិកមានប៉ុន្មានទៅ? គ្រប់រដ្ឋទាំងអស់មានChina Town។ នៅបារាំងនៅប្រទេសនានា មានChina Town ចុះចង្រៃអីគ្រាន់តែចិន មកវិនិយោគនៅស្រុកខ្មែរ បង្កើតទៅជារឿងរហូត ដល់វាប្រកាសថា ហ៊ុន សែន កំពុងលេងជាមួយភ្លើង ព្រោះមានទំនាក់ទំនងជាមួយចិន”។

សម្ដេចតេជោបានថ្លែងបន្តថា ពេលណាដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ទីផ្សារចិនបើកចំហ សម្រាប់ទំនិញកម្ពុជា ដែលនេះជាផលប្រយោជន៍សេដ្ឋកិច្ច ហើយសូម្បីតែអាមេរិក និងអឺរ៉ុប ក៏រកស៊ីជាមួយប្រទេសចិន ហេតុអ្វីមកបន្ទោសខ្មែរ រកស៊ីជាមួយចិនទៅវិញ៕

To Top