បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas តាមសេចក្តីរាយការណ៍ បានរិះគន់ ប្រទេសតួកគី ពីបទបញ្ជូននាវាស្ទង់ ការរញ្ជួយដីត្រឡប់ទៅក្នុងដែនទឹក មានជម្លោះនៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ដោយហៅទង្វើឯកតោភាគីនេះថា ជាការធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ចាប់ផ្តើមកិច្ចចរចាក្នុងជម្លោះនោះ។
ក្រោយជួបគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសសាធារណរដ្ឋស៊ីប លោក Nikos Christodoulides នៅក្នុងទីក្រុង Nicosia នាថ្ងៃអង្គារសប្ដាហ៍នេះ លោក Heiko Maas បានមានប្រសាសន៍ថា “ការត្រឡប់ទៅមុខទៅក្រោយរបស់តួកគី រវាងកំណើននិង គោលនយោបាយបន្ធូរបន្ថយអរិភាព ត្រូវតែបញ្ឈប់។ វាស្រេចលើតួកគី ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចពិភាក្សាគ្នា”។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ នាវាតួកគី Oruc Reis បានធ្វើដំណើរទៅធ្វើការស្ទង់ការ រញ្ជួយដី នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត បណ្ដាលឲ្យប្រទេសក្រិក ចេញនូវការទាមទារថ្មី ប្រកបដោយការខឹងសម្បារ ឲ្យមានការដាក់ទណ្ឌកម្មសហភាពអឺរ៉ុបលើទីក្រុងអង់ការ៉ា ជុំវិញបញ្ហាសិទ្ធិរុករកអ៊ីដ្រូកាបូន នៅក្បែរតំបន់ឆ្នេរ ៕
ប្រែសម្រួល៖ប៉ាង កុង