បន្ទាយមានជ័យ: បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំកាលពី កាលពីយប់ថ្ងៃសុក្រនេះ បានបង្កឲ្យស្រុកក្រុងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិច ក្នុងនោះលំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាលនានា ផ្លូវលំ បេតុង ផ្លូវជាតិក៏ត្រូវទឹកជន់លិច និងបានបិទចរាចរណ៍បណ្តោះអាសន្នផងដែរ។
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាល ទាហាន និងកម្លាំងកងរាជអាវុធហត្ថ រួមទាំងរាជការស៊ីវិលបានចុះពិនិត្យស្ថានភាពទឹក និងចុះជួយអន្តរាគមន៍ជួយជម្លៀសពលរដ្ឋដែលរស់នៅ តាមបណ្តោយមាត់អូរព្រំដែនកម្ពុជាថៃ ភាគខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីទៅកាន់ទីទួលសុវត្ថិភាព។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឲ្យដឹងថា ទឹកហក់ឡើងជាងមុន ដែលបណ្តាលមកពីយប់មិញភ្លៀង និងមួយចំនួន ជាទឹកជំនន់ហូរធ្លាក់មកពីថៃ។ ពេលនេះអាជ្ញាធរ បានត្រៀមលក្ខណ: និង ក្រុមសង្គ្រោះ គ្រប់យ៉ាងក្នុងការជួយសង្គ្រោះ ពលរដ្ឋដែលលិចលង់។
គិតត្រឹមម៉ោងនេះ ពលរដ្ឋ៣សង្កាត់រួមមានសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត លិចលង់៧ភូមិ ស្មើ១០៣គ្រួសារ ទឹកជម្រៅស្មើជង្គង់និងលើកំភ្លៅ គ្រួសារមួយចំនួន រួមទាំងគោក្របី ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភា ពបណ្តើរៗហើយ។
សម្រាប់ក្រុងសិរីភ័ណនិងស្រុកមង្គលបូរី មានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ ហ និងមេញ្ជាការកងពល៥១ មេបញ្ជាការសឹករង បាននឹងកំពុងបន្តបេសកកម្មរបស់ខ្លួន ចុះជួយអន្តរាគមន៍ជួយជម្លៀសពលរដ្ឋដែលកំពុងលិចលង់ និងនាំយកអំណោយជាបន្តបន្ទាប់ផង។
ទន្ទឹមគ្នានេះអាជ្ញាធរ សូមអំពាវនាវ ដល់ពលរដ្ឋទាំងអស់ដែលងាយប្រឈមឬកំពុងប្រឈមទឹកជំនន់ ត្រូវប្រញ៉ាប់រាយការណ៍ ដើម្បីអាជ្ញាធរដឹកនាំកម្លាំង ចុះជួយឲ្យបានទាន់ពេលវេលា។ត្រូវហាមប្រាមកូនចៅតូចៗមិនត្រូវឲ្យចុះលេងទឹកឡើយ ការពារកើតគ្រោះអកុសល ជាយថាហេតុ៕
ដោយ ប៊ុន វាសនា