ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមលើកកម្ពស់ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។
ការលើកឡើងនេះធ្វើឡើង ខណៈដែលលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឲ្យលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision) ដែលទើបទទួលតំណែងថ្មី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។
មុនចាប់ផ្តើមជំនួប ភាគីទាំងពីរ ក៏បានរឮកឡើងវិញនូវ អ្វីដែលជាអនុស្សាវរីយ៍ក្នុងការបង្កើត នូវមន្ទីពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងការចូលរួមយ៉ាងសកម្មទៅលើការដោះ និងបោះសំអាតមីងនៅតំបន់ ដែលទទួលរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា។
ក្នុងជំនួបនោះដែរលោករដ្ឋមន្ត្រី បានលើកឡើងថា អង្គការទស្សនៈពិភពលោក បានចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌តរៀងមក។ អង្គការមានគោលដៅធំៗ ក្នុងកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារ ផ្តល់អាហាររូបត្ថម្ភ ពាក់ព័ន្ធសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។
ការងារទាំងអស់នេះហើយ ដែលអង្គការ បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ ទៅដល់គោល នយោបាយ របស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះ នៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ជំនួយ ពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកប ដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ហើយសមិទ្ធផលជាច្រើន ដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់ទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ដោយសារតែអង្គការនេះ បច្ចុប្បន្នបានរួមចំណែក ក្នុងការជួយគាំទ្រ លើផលប៉ះពាល់នៃកូវីដ១៩ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីនេះទៅនឹងរៀបចំយុទ្ធសាស្រ្ត ដើម្បីស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឱកាសទាំងអស់នេះ អាចស្តារឡើងវិញបណ្តើរៗ ព្រោះថាជំងឺកូវីដ១៩នេះ មិនដឹងថាពេលណានឹងបាត់ទៅវិញនោះទេ ដែលធ្វើឱ្យយើងទាំងអស់គ្នារងទុក្ខលំបាក ទោះបីយ៉ាងណាក៏ដោយយើងនឹងរួមគ្នាសម្រេចឲ្យបាន។
លោក Edward Danielraj Selvanayagam នាយក ប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision)បានថ្លែងអំណរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គការទស្សនៈពិភពលោកចូលមកអនុវត្តកម្មវិធីមនុស្សធ៌មផ្សេងៗនៅកម្ពុជា។
លោកនាយកប្រចាំប្រទេសរូបនេះ ពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការ របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអង្គការក៏មានបំណង ចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត។
ក្នុងជំនួបនេះដែរ លោករដ្ឋមន្រ្តីបានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការ ទស្សនពិភពលោក ជាពិសេសរចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំរបស់អង្គការតែម្តង ខណៈដែលអង្គការនេះមានបុគ្គលិកបម្រើ ការងារសរុបប្រមាណ៦០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ និងមានសមត្ថភាពកាន់មុខតំណែងធំៗរួមទាំងនាយកប្រតិបត្តិផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូ ជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថា ក្នុងឱកាសនោះ ខាងភាគីអង្គការទស្សនៈពិភពលោកក៏បានផ្តល់ជូនម៉ាសមួយចំនួន ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យកទៅប្រើប្រាស់ ក្នុងគោលដៅការពារ និងទប់ស្កាត់ការឆ្លងរីករាលដានៃជំងឺកូវីដ១៩ផងដែរ៕